ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Meta Platforms របស់មហាសេដ្ឋីអាមេរិក លោក Jeff Bezos និងលោក Mark Zuckerberg បានកើនតម្លៃសរុបរហូតដល់ជាង ២៨០ពាន់លានដុល្លារ បន្ទាប់ពីបានរាយការណ៍ពីលទ្ធផលប្រចាំឆ្នាំយ៉ាងល្អ និងធ្វើឲ្យក្រុមវិនិយោគិនបង្ហាញការសាទរជាខ្លាំង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Meta មានកំណើនរហូតដល់ ១៤% ដល់ចំណុចខ្ពស់បំផុត ៤៥១ដុល្លារក្នុងមួយហ៊ុន និងបានបង្កើនតម្លៃមូលធនទីផ្សារ ១៤៨ពាន់លានដុល្លារបន្ថែម ដែលធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សមួយនេះមានតម្លៃសរុប ១,១៦ទ្រីលានដុល្លារ។
ជាមួយគ្នា ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos ក៏មានការកើនឡើងនៃតម្លៃហ៊ុនប្រហែល ៨% និងធ្វើឲ្យក្រុមហ៊ុនមួយនេះមានតម្លៃមូលធនទីផ្សារសរុប ១,៧៨ទ្រីលានដុល្លារ កើនឡើងជិត ១៤០ពាន់លានដុល្លារ។
សូមជម្រាបដែរថា សម្រាប់ឆ្នាំ២០២៤នេះវិញ ក្រុមហ៊ុន Meta បានបង្ហើបថា កញ្ចប់ចំណាយអាចនឹងកើនចន្លោះពី ៣០ ទៅ ៣៧ពាន់លានដុល្លារ ពោលកើនឡើងជាងការសន្និដ្ឋានទុក ២ពាន់លានដុល្លារ ជំរុញដោយផែនការវិនិយោគលើវិស័យបច្ចេកវិទ្យា AI បន្ថែមទៀត៕