ឧកញ៉ា តែ តាំងប៉ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសម្តែងការអបអរសាទរ និងពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបង្កើតទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
ការសម្តែងក្តីសាទរនេះ ធ្វើឡើងក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។
ជុំវិញរឿងនេះ ឧកញ៉ា តែ តាំងប៉ យល់ថា ការសម្រេចបង្កើតទិវានេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងគាំទ្រសកម្មភាពរបស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ពីសំណាកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត សំដៅឈានទៅជំរុញនឹងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ ឧកញ៉ា បញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឧកញ៉ា គ្រោងនឹងគៀរគរសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ ដើម្បីចូលរួមរៀបចំទិវានេះ។
លើសពីនេះ ឧកញ៉ា នឹងអញ្ជើញសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ដែលជាសមាជិកសមាគមមកជួបសំណេះសំណាល ពិសាអាហារសាមគ្គីមហាគ្រួសារ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ខែមេសា ខាងមុខនេះ។ឧកញ៉ា ក៏បានបញ្ជាក់ថាកម្មពិធីនេះ គ្រោងនឹងរៀបចំជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ដែលបានខិតខំលើកកម្ពស់សេដ្ឋកិច្ចជាតិនាពេលកន្លងមក។
សូមបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសសម្រេចថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ៕