អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗចំនួនពីរ នៅមីយ៉ាន់ម៉ា

អន្តរជាតិ

កាលពីថ្ងៃទៅ៣១ ខែមករា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមមួយកម្រិតទៀតលើក្រុមហ៊ុនចំនួនពីរ និងមនុស្សមួយចំនួនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរតនាគារអាមេរិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្រកាសដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនប្រេង Shwe Byain Phyu Group of Companies ដែលមានម្ចាស់ក្រុមហ៊ុនឈ្មោះលោក Thein Win Zaw រួមជាមួយប្រពន្ធ និងកូនពេញវ័យពីរនាក់ទៀត។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន Myanma Five Star Line ដែលជាក្រុមហ៊ុនដឹកជញ្ជូនផងដែរ។

គោលបំណងរបស់សហរដ្ឋអាមេរិក គឺមានគោលដៅដាក់ទណ្ឌកម្មទៅលើការនាំចូលប្រេងឥន្ធនៈ ដែលរបបយោធាបានប្រើប្រាស់វាយ៉ាងសកម្មដើម្បីដំណើរការម៉ាស៊ីនយន្តហោះ ទុកប្រតិបត្តិការទម្លាក់គ្រាប់បែកពីលើអាកាស កំទេចកងកម្លាំងប្រឆាំងរដ្ឋប្រហារ ជាពិសេសលើជនជាតិស៊ីវិល។ ហើយម្យ៉ាងវិញទៀត វាក៏អាចនិយាយបានថាដោយសារតែក្រុមហ៊ុនទាំងពីរហាក់មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយក្រុមហ៊ុន ​Myanma Economic holding (MEHL) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗពីរ គ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា។

គួររម្លឹកទៅកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កងកម្លាំងយោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយលោក Min Aung Hlaing បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតបែបប្រជាធិបតេយ្យលោកស្រីអ៊ុងសាន ស៊ូជី ចេញពីតំណែង ខណៈដែលការកាន់អំណាចរបស់លោកបានបីឆ្នាំមកនេះ របបយោធាបានបន្តប្រើអំពើហិង្សា ក៏ដូចជាភេរវនិយមគាប់សង្កត់ប្រជាជនភូមា និងបានបដិសេដចំពោះលទ្ធភាពក្នុងការជ្រើសរើសមេដឹកតាមបែបសេរី៕