ក្រុមហ៊ុន Pacific Century Group (PCG) របស់មហាសេដ្ឋីហុងកុង លោក Richard Li ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់លក់ភាគហ៊ុនមួយចំនួនធំ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ PineBridge Investments ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រុមហ៊ុន PCG បានធ្វើការជួលឲ្យក្រុមហ៊ុន JPMorgan ដើម្បីធ្វើទីផ្សារ និងដំណើរការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន PineBridge នេះ ខណ:ពួកគេក៏បានធ្វើការពិភាក្សាជាបឋមជាមួយស្ថាប័នហិរញ្ញវត្ថុមួយចំនួនរួចមកហើយ។
គួរឲ្យដឹងថា PCG ដែលបង្កើតឡើងដោយ លោក Richard Li បានទិញយកក្រុមហ៊ុនវិនិយោគ PineBridge ពីក្រុមហ៊ុនធានារ៉ាប់រងអាមេរិក AIA ក្នុងឆ្នាំ២០១០ ក្នុងតម្លៃប្រមាណ ២៧៧លានដុល្លារ។
គិតត្រឹមចុងឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន PineBridge បានគ្រប់គ្រងទ្រព្យសម្បត្តិសរុបដែលមានតម្លៃប្រហែល ១៥៧ពាន់លានដុល្លារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កមួយនេះ បានប្រកាសពីការខាតបង់របស់ខ្លួនជាបន្តបន្ទាប់ ពោលគឺចាប់តាំងពីឆ្នាំ២០២២ មក។
ជម្រាបជូនផងដែរថា ដោយបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុន PineBridge មានការិយាល័យសរុបចំនួន ២៥ ដោយមានបុគ្គលិកជាង ៧០០ នាក់ រួមទាំងមានអ្នកជំនាញផ្នែកវិនិយោគចំនួន ២៣០ នាក់ ផងដែរ៕