កាលពីថ្ងៃទី០២ ខែកុម្ភៈ ក្រុមប្រឹក្សាលើកលែងទោសម៉ាឡេស៊ី បានសម្រេចបន្ធូរបន្ថយទោសជាប់ពន្ធនាគារ របស់អតីតនាយករដ្ឋមន្ត្រី លោក Najib Razak ពីរយៈពេល ១២ឆ្នាំ មកនៅត្រឹម ៦ឆ្នាំវិញ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន ThaiPBS បានបង្ហាញថា មិនត្រឹមតែបន្ថយរយៈពេលនៃការអនុវត្តទោសឡើយ សូម្បីតែប្រាក់ពិន័យក៏អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានកាត់បន្ថយអស់ច្រើនសន្ធឺក ពោលត្រូវបង់ប្រាក់ពិន័យតែ ៥០លានរីងហ្គីត ឬតែជាង ១០លានដុល្លារប៉ុណ្ណោះ ខណៈការកាត់ទោសដំបូងតម្រូវឲ្យលោកបង់ប្រាក់ពិន័យ ២១០លានរីងហ្គីតឯណោះ។
ជាមួយការបន្ធូរបន្ថយទោសនេះ នឹងអនុញ្ញាតឲ្យលោក Najib មានសិទ្ធសេរីភាព ពីការជាប់ពន្ធនាគារវិញនាខែសីហា ឆ្នាំ២០២៨ ខណៈក្រុមប្រឹក្សាលើកលែងទោស មិនបញ្ជាក់ច្បាស់ពីមូលហេតុ ដែលឈានដល់ការសម្រេចចិត្តបែបនេះនោះឡើយ។
គួសបញ្ជាក់ដែរថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវបានតុលាការកំពូលម៉ាឡេស៊ី កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ 1MDB ដែលមានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារ។
ក្រោយអនុវត្តទោសក្នុងពន្ធនាគារមិនបានប៉ុន្មានផង លោក Najib ក៏បានស្នើដាក់ញត្តិ សុំការលើកលែងទោសពីព្រះមហាក្សត្រ នាខែសីហា ឆ្នាំ២០២២ ហើយលោកក៏ជាប់ឈ្មោះក្នុងបញ្ជីប្រវត្តិសាស្ត្រផងដែរ នាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដំបូង ដែលបានជាប់ពន្ធនាគារ៕