ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសនឹងចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា មុនពិធីបុណ្យចូលឆ្នាំ។
នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្សាយចេញនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លិខិតដដែលបញ្ជាក់ថា ពិធីសំណេះ សំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្រោមអធិបតី សម្តេច ហ៊ុន ម៉ាណែត នឹងធ្វើឡើងក្នុងឱកាសអបអរស្វាគមន៍ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨» នាល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ឬតាមពេលវេលាសមស្របរបស់ សម្តេចធិបតី។
កម្មពិធីនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងផ្តល់កិត្តិយសបំពាក់គ្រឿង ឥស្សរិយយសជូនសមាជិកនៃសមាគមផងដែរ ដែលនឹងរៀបចំនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ៕