តួកគីរំពឹងថាការធ្វើដំណើរតាមផ្លូវអាកាសរបស់ខ្លួន នឹងមានសន្ទុះខ្ពស់នៅឆ្នាំនេះ

អន្តរជាតិ

ប្រទេសតួកគីហាក់បីកំពុងមើលឃើញនូវសញ្ញាណល្អ អំពីការកើនឡើងសន្ទុះនៃការធ្វើដំណើរតាមផ្លូវអាកាស ទាំងអ្នកដំណើរជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកាន់ប្រទេសរបស់ខ្លួននៅក្នុងឆ្នាំ២០២៤នេះ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Anadolu ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងទៅតាមទិន្នន័យពីអគ្គនាយកដ្ឋានអជ្ញាធរអាកាសយានដ្ឋានរដ្ឋ (DHMI)) បានបង្ហាញថា ប្រទេសតួកគីបានដាក់ក្តីរំពឹងខ្ពស់ចំពោះការធ្វើដំណើរតាមផ្លូវអាកាសរបស់ខ្លួន នឹងមានកើនឡើងពីចំនួន ២២២,២លាននាក់នៅឆ្នាំ២០២៣ ដល់ចំនួន ២៣០,៨លាននាក់នៅឆ្នាំ២០២៤នេះ។

ក្នុងនោះការធ្វើដំណើរតាមជើងហោះហើរត្រង់ ត្រូវបានគេរំពឹងផងដែរថានឹងកើនឡើង៧,៧% ពីចំនួន ២១៤,២លាននាក់នៅឆ្នាំ២០២៣ ដល់ចំនួន ២៣០,៨លាននាក់នៅឆ្នាំ២០២៤ ហើយជាងនេះទៅទៀត តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ ២៣៩,៥លាននាក់នៅឆ្នាំ២០២៥ ។

ម្យ៉ាងវិញទៀត ការធ្វើដំណើររបស់អ្នកដំណើរក្នុងស្រុកក៏ត្រូវបានគេរំពឹងថា នឹងកើនឡើង១១,៨%ពីចំនួន ៩១លាននាក់នៅឆ្នាំ២០២៣ ដល់ចំនួន ១០១,៧លាននាក់នៅឆ្នាំនេះ ខណៈឯអ្នកដំណើរអន្តរជាតិវិញ ក៏ត្រូវបានគេដាក់និន្នាការនៃការកើនឡើងដល់ទៅចំនួន ១២៨,៦លាននាក់នៅឆ្នាំ២០២៤ ពីចំនួន១២២,៩លាននាក់នៅឆ្នាំមុន។

យ៉ាងណាបើងាកមកមើលពីចរាចរណ៍តាមផ្លូវអាកាសនៅប្រទេសតួកគីវិញ ក៏ត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងពីចំនួន ២,១លានជើង ដល់ចំនួន ២,៣លានជើងនៅឆ្នាំ២០២៤ ផងដែរ។

ផ្ទុយទៅវិញ កាលពីឆ្នាំ២០២៣ ការដឹកទំនិញតាមយន្តហោះបានឈានដល់ ៤,២លានតោន ក៏ប៉ុន្តែនៅឆ្នាំនេះ ការដឹកជញ្ជូនទំនិញត្រូវបានគេរំពឹងថានឹងមានការថយចុះនៅត្រឹម ៤,១លានតោន ខណៈដែលនៅឆ្នាំ២០២៥ ចំនួននេះត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងសាជាថ្មីទៀតចំនួន ៤,២លានតោន៕