យោងតាមរបាយការណ៍ពីទស្សនាវដ្តី Forbes បានបង្ហាញឈ្មោះមហាសេដ្ឋីមានវ័យក្មេងបំផុតទាំង៥ នៅលើពិភពលោក ដោយកំពុងកាន់កាប់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ពីអាជីវកម្មគ្រាក់ៗ ជាច្រើន។
លោក Clemente Del Vecchio ជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីមានវ័យក្មេងជាងគេបំផុត ដោយបច្ចុប្បន្នមានវ័យត្រឹម ១៩ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤,១ពាន់លានដុល្លារ ក្រោយរូបគេទទួលបានមរតកភាគហ៊ុន ចំនួន ១២,៥% នៅក្នុងក្រុមហ៊ុនឪពុករបស់ខ្លួន គឺលោក Leonardo Del Vecchio ដែលជាម្ចាស់អាជីវកម្មម៉ាកយីហោវ៉ែនតាធំបំផុតរបស់ពិភពលោក Essilor Luxottica។
ចំណែកឯចំណាត់ថ្នាក់លេខ២ បានទៅលើ Kim Jung-youn សញ្ជាតិកូរ៉េខាងត្បូង ដែលបច្ចុប្បន្នមានវ័យ ២០ឆ្នាំ កំពុងកាន់កាប់ភាគហ៊ុនចំណែកធំ នៅក្នុងក្រុមហ៊ុនហ្គេមអនឡាញ Nexon របស់ឪពុកខ្លួនដែលបានចែកឋានទៅ និងមានទ្រព្យសម្បត្តិសរុប ១,៧ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ Kevin David Lehmann ដែលមានវ័យ ២១ឆ្នាំគឺជាមហាសេដ្ឋីវ័យក្មេងបំផុតទី៣ នៅក្នុងបញ្ជីនេះ ដែលមានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ២,៥ពាន់លានដុល្លារ ដោយចំណូលធំបំផុតរបស់ខ្លួន គឺទទួលបានពីការកាន់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនខ្សែសង្វាក់ហាងលក់ឱសថធំបំផុត ក្នុងប្រទេសអាល្លឺម៉ង់។
បងស្រីរបស់ Kim Jung-youn គឺអ្នកនាង Kim Jung-min ដែលមានអាយុ ២២ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងបញ្ជីមហាសេដ្ឋីវ័យក្មេងបំផុតនេះផងដែរ បន្ទាប់ពីទទួលបានភាគហ៊ុនសរុបប្រហែល ៣១% នៅក្នុងក្រុមហ៊ុនហ្គេមអនឡាញ Nexon ជាមួយទ្រព្យសម្បត្តិសរុប ១,៧ពាន់លានដុល្លារ ។
ចំពោះចំណាត់ថ្នាក់ចុងក្រោយទី៥ ក្នុងបញ្ជីមហាសេដ្ឋីវ័យក្មេងបំផុតនេះ គឺបានទៅលើ Luca Del Vecchio វ័យ ២២ឆ្នាំ ដែលជាបងប្រុសរបស់ Clemente Del Vecchio ដោយរូបគេក៏ទទួលបានមរតកភាគហ៊ុនពីក្រុមហ៊ុនវ៉ែនតារបស់ឪពុកខ្លួនចំនួន ១២,៥% ផងដែរ និងមានទ្រព្យសម្បត្តិសរុបប្រមាណ ៤,១ពាន់លានដុល្លារ៕