អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានដឹកនាំគ្រួសារវិរៈប៊ុនថាំ ចូលរួមបរិច្ចាគឈាម ក្រោមពាក្យស្លោក «បរិច្ចាគឈាម ដើម្បីផ្ដល់ក្ដីសង្ឃឹម និងជួយសង្រ្គោះជីវិត» នៅការិយាល័យកណ្ដាលក្រុមហ៊ុនផ្ទាល់ខ្លួន ដោយមានការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ និងបុគ្គលិកក្រុមហ៊ុនវិរៈប៊ុនថាំ។
អ្នកឧកញ៉ា បានបង្ហោះសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនអមដោយរូបភាពសប្បាយរីករាយចេញពីបេះដូងបរិសុទ្ធ យ៉ាងដូច្នេះថា « យើងទាំងអស់គ្នានៅទីនេះមិនត្រឹមតែបានផ្តល់សេវាកម្មជូនអតិថិជនតែប៉ុណ្ណោះនោះទេ តែពួកយើងទាំងអស់គ្នាតែងតែចូលរួមចំណែកជួយដល់កុមារ សង្គម និងការងារមនុស្សធម៌ជានិច្ច ជាក់ស្តែងថ្ងៃទី ៥/០២/២០២៤ គ្រួសារវិរ:ប៊ុនថាំចំនួន១៣៨នាក់ បានចូលរួមបរិច្ចាគឈាមនៅការិយាល័យកណ្តាលក្រុមហ៊ុន»។
ជាមួយគ្នានោះ អ្នកឧកញ៉ា សួរ វីរៈ ក៏បានថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ រួមទាំងក្រុមគ្រូពេទ្យដែលបានចូលរួមសហការយ៉ាងរលូន។
សូមជម្រាបជូនផងដែរថា កន្លងមកអ្នកឧកញ៉ា សួរ វីរៈ តែងតែចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ជានិច្ច ជាក់ស្ដែងនៅចុងឆ្នាំ២០២៣ថ្មីៗនេះ អ្នកឧកញ៉ា ទើបតែបាននាំយកថវិកាចំនួន ១២០លានរៀល ជួយដល់មន្ទីពេទ្យ គន្ធបុប្ផា៕