សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រួមទាំងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ។
កាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ក៏បានចេញសេចក្តីសម្រេចស្ដីពី ការបង្កើត «ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ» ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងអនុប្រធាន ៣រូប ព្រមទាំងសមាជិកជាច្រើនរូបទៀតផងដែរ។
ចំពោះវិធានការរបស់រាជរដ្ឋាភិបាលនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹង។ លោកឧកញ៉ាបណ្ឌិត បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះថា ក្នុងនាមលោកជាអ្នករកស៊ី លោកសូមគាំទ្រទាំងស្រុង ចំពោះវិធានការដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតគណៈកម្មការមួយ ដើម្បីជំរុញដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យអាចដំណើរការឡើងវិញ នូវអ្វីដែលបានជាប់គាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះជាវិធានការដ៏ល្អ និងជាអ្វីដែលវិស័យឯកជនកំពុងតែរំពឹងថា នឹងទទួលបានជោគជ័យ។
លោកឧកញ៉ា បានបន្ថែមដូច្នេះថា៖ ផែនការដែលបានដាក់ចេញដោយសម្តេចធិបតី ជាផែនការពង្រឹងអ្វីដែលមានក្នុងស្រុក។ ជាក់ស្តែង ផែនការនេះល្អហើយ ប៉ុន្តែបើចង់បានល្អជាងនេះទៀត គឺត្រូវជំរុញការងារខាងក្រៅប្រទេសទៀត។ ការរកស៊ីបច្ចុប្បន្ននេះ យើងមិនអាចចាំឱ្យគេមកនោះទេ គួរតែយើងទៅគោះទ្វារគេតែម្តង។ ក្នុងរយៈពេលជិត ៦ខែចុងក្រោយនេះ យើងឃើញថា អ្វីដែលសម្តេចធិបតីបានធ្វើគឺ ធ្វើទាំងក្នុងធ្វើទាំងក្រៅ មានន័យថា ទៅស្រុកក្រៅហៅគេមករកស៊ី ហើយពង្រឹងការងារក្នុងស្រុក គ្រាន់តែថាយើងត្រូវការពេលវេលា។ ចំពោះវិស័យដីធ្លី អចលនទ្រព្យនៅខេត្តព្រះសីហនុ គឺមានសភាពធ្ងន់ធ្ងរ ព្រោះមានបញ្ហាអគាររាប់ពាន់។ សម្រាប់យោបល់ខ្ញុំ រដ្ឋបានចេញមុខរួចហើយ ដូច្នេះវិស័យឯកជន ត្រូវទៅក្រៅទាំងអស់គ្នា ដើម្បីជួយទាក់ទាញបរទេសឱ្យមកវិនិយោគនៅស្រុកខ្មែរ។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទស្សនកិច្ចផ្លូវការ និងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែឆ្លៀតពេលដ៏មមាញឹក ដើម្បីជួបពិភាក្សាពហុភាគី ឬទ្វេភាគី ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសនានា ឬថ្នាក់ដឹកនាំក្រុមហ៊ុនឯកជនបរទេស ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគិនប្រទេស ឱ្យមកវិនិយោគនៅកម្ពុជា៕