កាលពីថ្ងៃទី៥ ខែកុម្ភៈ ប្រទេសកូរ៉េខាងត្បូង និងប្រទេសអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងលើអនុសារណៈនៃការយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិស័យការពារជាតិនៃប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ទីភ្នាក់ងារទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង (DAPA) បាននិយាយថា តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងបង្កើតគណៈកម្មាធិការរួមមួយ លើទិសដៅបង្កើតក្រុមការងារសម្រាប់ការស្រាវជ្រាវ អភិវឌ្ឍប្រព័ន្ធសព្វាវុធ ក៏ដូចជាការផលិត ដើម្បីជំរុញបន្តកិច្ចសហប្រតិបត្តិការការពារជាតិទៅមុខទៀត។
ជាមួយគ្នានៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងដូចជា Hanwha, Poongsan និង LIG Nex1 បានបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃសរុបប្រហែល ៩៨៩លានដុល្លារ ចំពោះឧបករណ៍បាញ់គ្រាប់រ៉ុក្កែត គ្រាប់រំសេវ និងប្រព័ន្ធអេឡិចត្រូអុបទិកជាដើម។
សូមជម្រាបថា ការលក់ផលិតផលសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ទៅ ១៧ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ ខណៈបើធៀបទៅនឹងឆ្នាំ២០២១វិញ ប្រទេសមួយនេះលក់សព្វាវុធបានត្រឹមចំនួន ៧,២៥ពាន់លានដុល្លារ។ លើសពីនេះទៅទៀត នៅក្នុងអំឡុងឆ្នាំ២០១៣ ដល់២០២២ ការនាំចេញសព្វាវុធទៅកាន់តំបន់មជ្ឈឹមបូព៌ា បានកើនឡើងជិតដប់ដងឯណោះ៕