ថ្ងៃសម្ពោធជាផ្លូវការ ក្រុមហ៊ុន Sailun ផលិតសំបកកង់រថយន្តនៅកម្ពុជា ផ្ទុះការគាំទ្រយ៉ាងសម្បើមពីអតិថិជន រហូតលក់សំបកកង់មួយថ្ងៃបានជិត ១មុឺនគ្រាប់

អាជីវកម្ម

ក្រុមហ៊ុន PIC Tire Co.,Ltd ដែលមានរោងចក្រផលិតសំបកកង់នៅក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា បានសម្ពោធ​ជាផ្លូវការនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ខណៈថ្ងៃសម្ពោធភ្លាមៗនេះ គឺក្រុមហ៊ុន​បានត្រៀមសំបកកង់ លក់ជូនក្នុងតម្លៃពិសេស ចំនួន ១០,០០០គ្រាប់ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការអះអាងពី លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd ដែល​ជា​ក្រុមហ៊ុន​ទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផលដែលផលិតក្នុងប្រទេសម៉ាក Sailun ​បានប្រាប់ក្រុមការងារ​សារព័ត៌មាន ឧកញ៉ាញូវស៍ថា សំបកកង់រថយន្តផលិតដោយកូនខ្មែរ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន ពោលកម្មវិធីសម្ពោធជាផ្លូវការ​ត្រូវចាប់​ផ្ដើមនាម៉ោង ៥ល្ងាច ក៏ប៉ុន្តែក្រុមហ៊ុនទទួលបានការបញ្ជាទិញសំបកកង់ រហូតដល់ជាង ៥,០០០គ្រាប់រួចហើយ។

CEO រូបនេះក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងរៀបចំចំនួនសំបកកង់រថយន្តបន្ថែមទៀត សម្រាប់ការផ្ដល់ជូនអតិថិជន​ជាពិសេស។ ក្នុងឱកាសសម្ពោធជាផ្លូវការនៃក្រុមហ៊ុន PIC Tire Co.,Ltd អតិថិជននឹងទទួលបានការបញ្ចុះ​តម្លៃ លើគ្រប់សំបក រថយន្តគ្រប់ប្រភេទ ដោយគ្រាន់តែធ្វើការបញ្ជាទិញ ពេលទៅទស្សនានៅអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយផ្ទាល់។

Sailun​ ជាក្រុមហ៊ុនដ៏ចំណាស់មួយត្រូវបានផលិតឡើងដំបូងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០២ គិតមកទល់​បច្ចុប្បន្ននេះ មានអាយុកាលប្រមាណជា ២២ឆ្នាំហើយ។ បច្ចុប្បន្ន Sailun ត្រូវបានចែកចាយជាលក្ខណៈ​អន្តរជាតិទូទាំង​សកលលោក​រហូតដល់ជាង ១៨០ ប្រទេសរួចទៅហើយ ក្នុងនោះរួមមានរោងចក្រផលិតសំបកកង់ឡានចំនួន ៩ រោងចក្រ ដែលមាន​នៅប្រទេសចិន ៥ រោងចក្រ, នៅប្រទេសវៀតណាម ២ រោងចក្រ និងនៅក្នុងប្រទេសកម្ពុជា ១ រោងចក្រ។ ត្រឹមរយៈពេល ២២ឆ្នាំ Sailun បានវិវត្តខ្លួនយ៉ាងឆាប់រហ័សអាច​ដណ្តើមយកចំណាត់ថ្នាក់លេខ ១ នៅប្រទេសចិន និង ជាប់ចំណាត់​ថ្នាក់លេខ ១១ នៅទីផ្សារទូទាំងពិភពលោក គិតត្រឹមចុងឆ្នាំ២០២៣។

តាម​ការ​បញ្ជាក់​ពី​ លោក គឹន ឧត្តមមុនីស៊ីណាត បាន​ឱ្យ​ដឹង​​ផង​ដែរ​ថា រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ​Cart tire Co.,ltd (រោងចក្របុត្រសម្ព័ន្ធរបស់ Sailun Group) មានទំហំផ្ទៃដីសរុប ១២០ ហិចតា បង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាជាង ៣៥០០​ កន្លែង។ អ្វីដែល​គួរឱ្យ​ភ្ញាក់ផ្អើលនៅក្នុងរោងចក្រមួយនេះ គ្រប់ផ្នែកទាំងអស់ មិនថាផ្នែកវិស្វករ ផ្នែកលាយជ័រកៅស៊ូ ផ្នែកផលិត ផ្នែកនាំចេញ ផ្នែកត្រួតពិនិត្យគុណភាព សុទ្ធសឹងតែជាជនជាតិខ្មែរ ទាំងនេះហើយ ជាអ្វីដែលខ្មែរទទួលបាន។

សូម​ជម្រាប​ថា រោងចក្រមួយនេះ មានសមត្ថភាពផលិតសំបកកង់ក្នុងដំណាក់កាលទី១ ដល់ទៅ ៣៥,០០០ គ្រាប់ក្នុង​មួយ​ថ្ងៃ ហើយក្នុងមួយថ្ងៃនាំចេញរហូតដល់ ២៥,០០០ គ្រាប់។ រីឯ​រោងចក្រទី២ កំពុងតែចាប់ផ្តើមដំណើរការផលិត និងរោង​ចក្រ​ទី៣ កំពុងតែសាងសង់គ្រោងបញ្ចប់និងសម្ពោធនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ សរុបទិន្នន័យ​នៃការ​ផលិត​ទាំង៣រោងចក្រ ក្នុងមួយឆ្នាំ គឺអាច​ផលិតសំបកកង់​បាន​ដល់​ទៅ​ ៣៣ លានគ្រាប់ឯណោះ។

​​​​ចំពោះ​ជ័រកៅស៊ូ​ដែលជាវត្ថុធាតុដើមជាចំបង​ក្នុងការផលិតសំបកកង់ដែលមានគុណភាពដ៏ល្អឥតខ្ចោះនេះ គឺត្រូវបានប្រើ​ប្រាស់​ជ័រកៅស៊ូ ដែលជាដំណាំកសិផលជាតិខ្មែរស្ទើរតែទាំងស្រុង។ តាមរបាយការណ៍របស់រោងចក្រ បានបង្ហាញថា រោងចក្រ​មួយនេះ នឹងប្រើប្រាស់ជ័រកៅស៊ូសរុបរហូតដល់ទៅ ៣០% នៃទិន្នផលដំណាំ​កៅស៊ូសរុបនៅក្នុងប្រទេស​កម្ពុជា​ទាំងមូល។ ប្រសិនបើមានរោងចក្រប្រភេទនេះ តែ៣រោងចក្រ នឹងអាចប្រើប្រាស់ជ័រកៅស៊ូរហូតដល់ ៩០% នៃទិន្នផល​ដំណាំកៅស៊ូ​កម្ពុជា​សរុប។ កត្តានេះហើយដែលជាផ្នែកមួយដ៏សំខាន់​ក្នុងការជំរុញលើកកម្ពស់​ទៅលើវិស័យដំណាំ​កៅស៊ូ​ជាតិ ដែល​ជាផ្នែកមួយនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា៕