តម្លៃអង្ករនៅក្នុងប្រទេសហ្វីលីពីន បានបន្តកើនឡើងខ្ពស់គិតក្នុងខែមករាកន្លងទៅ ដោយសារបាតុភូតគ្រោះរាំងស្ងួត El Nino និងការហាមឃាត់ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ដែលត្រូវបានគេរំពឹងទុកថានឹងកាន់តែមានភាពតឹងរ៉ឹងឡើងថែមទៀត នៅក្នុងរយ:ពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei។
យោងតាមទីភ្នាក់ងារស្ថិតិជាតិរបស់ហ្វីលីពីន បានបង្ហាញឲ្យដឹងថា កម្រិតអតិផរណាអង្កររបស់ខ្លួន បានកើនឡើងដល់ ២២,៦% កាលពីខែមុន ដែលជាសញ្ញាខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមីនា ឆ្នាំ២០០៩ មក។
គួរឲ្យដឹងថា កម្រិតអតិផរណាអង្ករបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការឡើងថ្លៃអង្ករនៅលើទីផ្សារពិភពលោក ខណ:ទីភ្នាក់ងារស្ថិតិខាងលើ បាននិយាយទៀតថា ឥទ្ធិពលមូលដ្ឋាន ក៏បាននិងកំពុងជំរុញឲ្យតម្លៃស្រូវអង្ករមានការឡើងថ្លៃខ្លាំង ផងដែរ។
ជុំវិញបញ្ហានេះ ប្រធានាធិបតី លោក Ferdinand Marcos Jr. បានព្យាយាមទប់ស្កាត់ការឡើងថ្លៃអង្ករ ជាមួយនឹងការលុបចោលវិធានការទប់ស្កាត់ផ្សេងៗ នៅពេលដែលតម្លៃនៅតែបន្តកើនឡើងជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ លោក Domini Velasquez ប្រធានសេដ្ឋវិទូនៅប្រចាំនៅក្រុមហ៊ុន China Banking Corp ក្នុងទីក្រុងម៉ានីល បាននិយាយថា តម្លៃអង្ករនឹងទំនងជានៅតែកើនឡើងក្នុងកម្រិតខ្ពស់ក្នុងប៉ុន្មានខែខាងមុខនេះ។
លើសពីនេះ លោក Velasquez បានប្រាប់ Nikkei Asia ថា ៖ “អតិផរណាអង្ករនៅតែស្ថិតក្នុងកម្រិតខ្ពស់ ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក ហើយបើទោះបីជាវាត្រូវបានមើលឃើញថាមានការធូរស្រាលតិចតួចក្តី ប៉ុន្តែតម្លៃអង្ករពិភពលោកនៅតែខ្ពស់។ ស្ថានភាពនេះត្រូវបានគេរំពឹងថានឹងបន្តកើតមាន នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយសារតែឥទ្ធិពល El Nino និងបម្រាមរបស់ប្រទេសឥណ្ឌាលើការនាំចេញអង្កររបស់ពួកគេមួយចំនួន ដែលនេះបានរួមចំណែកដល់ការកើនឡើងនៃតម្លៃអង្ករពិភពលោក”៕