សភាពាណិជ្ជកម្មកម្ពុជា នឹងចុះMOUជាមួយស្ថាប័នធំៗរបស់ថៃចំនួន២ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។នេះបើយោងតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទែសថៃ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-ថៃ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មថៃនិងគណៈកម្មាធិការពាណិជ្ជកម្មថៃ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ។

សភាពាណិជ្ជកម្មកម្ពុជា បានបន្តថា៖« គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-ថៃ ដែលនឹងមានការអញ្ជើញចូលរួមពីក្រុមហ៊ុនធំៗរបស់ ប្រទេសទាំងពីរ ដើម្បីពិភាក្សា និង ពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម»។

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នធំៗរបស់ថៃចំនួន២ ក្នុងនោះមាន៖ . គណៈកម្មាធិការពាណិជ្ជកម្មថៃ (Board of Trade of Thailand) ក្នុង គោលបំណងចូលរួមលើកកម្ពស់និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជា ណាចក្រថៃ និង. ធនាគារអាហរ័ណនីហរ័ណថៃ (EXIM Bank of Thailand) ដើម្បីបង្កើតក្របខណ្ឌសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការអភិវឌ្ឍ និង គាំទ្រដល់ក្រុមហ៊ុនសហគ្រាសសក្កានុពលរបស់កម្ពុជា និងថៃ ខាង ផ្នែកពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ ដោយក្នុងនោះ ធនាគារអាហរ័ណនីហរ័ណថៃនឹងពិនិត្យលទ្ធភាពផ្តល់ ឥណទានលើការវិនិយោគនិងសេវាកម្មរបស់ក្រុមហ៊ុនសហគ្រាសកម្ពុជានិងថៃ។

គួរបញ្ជាក់ដែរថា ក្រៅពីចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នធំៗរបស់ថៃទាំង២ ខាងលើ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង់ និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ រង្សី