រុស្ស៊ីព្រមានលេងផ្លូវច្បាប់ បើលោកខាងលិចហ៊ានប្រើទ្រព្យសម្បត្តិបង្កក ជួយអ៊ុយក្រែន

អន្តរជាតិ

លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បាននិយាយថា បើសិនជា​លោកខាងលិច សម្រេចប្រើប្រាស់ទឹកប្រាក់ និងទ្រព្យសម្បត្តិដែលបង្កកពីរុស្ស៊ី យកទៅជួយដល់អ៊ុយក្រែន នោះរដ្ឋាភិបាលរុស្ស៊ីនឹងប្រើចំណាត់ការតាមផ្លូវច្បាប់ជាមិនខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងថា៖ បើសិនជាការសម្រេចចិត្តបែបនេះពិតជាធ្វើឡើងមែន ពួកគេពិតជាធ្វើខុសច្បាប់ខ្លាំងណាស់។ ពួកគេនឹងត្រូវឡើងតុលាការ ទាំងអ្នកដែលសម្រេចចិត្ត និងអ្នកយល់ស្របទាំងអស់ នឹងប្រឈមការប្ដឹងផ្ដល់រយៈពេលរាប់ទសវត្សជាមិនខាន។

លោក Peskov បោះសម្ដីព្រមានបែបនេះ គឺដោយសារទទួលបានដំណឹងថា ក្រុម G7 និងសហភាពអឺរ៉ុប មានបំណងប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កកពីមហាសេដ្ឋី និងធនាគារកណ្ដាលរុស្ស៊ីក្នុងទំហំទឹកប្រាក់ប្រមាណ ២៥០ពាន់លានដុល្លារ យកទៅធ្វើជាជំនួយដល់ប្រទេសអ៊ុយក្រែន។

បន្ថែមពីនោះ លោក Dmitry Peskov ក៏បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ទ្រព្យសម្បត្តិដែលរឹបអូស​ពីជនជាតិរុស្ស៊ីដោយខុសច្បាប់នោះ គឺជាការរំលោភលើកម្មសិទ្ធ និងទ្រព្យសម្បត្តិរបស់បុគ្គល​ដទៃ ដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់មូលដ្ឋានគ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ចទាំងមូល៕