នាថ្ងៃទី០៧ ខែកុម្ភៈនេះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកូរ៉េខាងជើង លោក Alexander Matsegora បានទម្លាយថា ទាំងរដ្ឋាភិបាលរុស្ស៊ី និងកូរ៉េខាងជើង កំពុងរៀបចំកិច្ចព្រមព្រៀងមួយចំនួន ដែលសុទ្ធសឹងតែជាកិច្ចសហប្រតិបត្តិការកំពូលៗ រង់ចាំតែមេដឹកនាំរុស្សី លោក វ៉្លាឌីមៀ ពូទីន មកចុះហត្ថលេខា ពេលបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន TASS។
លោក Alexander បាននិយាយថា៖ មិនទាន់មានការជជែកគ្នាច្បាស់ពីពេលវេលានៃដំណើរទស្សនកិច្ចឡើយ ក៏ប៉ុន្តែការរៀបចំកិច្ចព្រមព្រៀងមួយចំនួន គឺសម្រេចបានហើយ ដោយវាជាកិច្ចសហប្រតិបត្តិការរួមគ្នាដ៏ល្អ និងរង់ចាំតែការចុះហត្ថលេខាជាផ្លូវការ អំឡុងពេលលោក ពូទីន មកបំពេញទស្សនកិច្ចប៉ុណ្ណោះ។
រំលឹកបន្តិចថា កាលពីឆ្នាំមុន មេដឹកនាំ គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចនៅរុស្ស៊ី ហើយលោកបានអញ្ជើញប្រធានាធិបតីរុស្ស៊ី ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងវិញ ស្របពេលលោក ពូទីន ទទួលយកការអញ្ជើញមួយនោះ គ្រាន់តែមិនបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់។
ជម្រាបបន្ថែមថា ទាំងមេដឹកនាំកំពូលរុស្ស៊ី និងកូរ៉េខាងជើង សុទ្ធតែបានបង្ហាញពីគោលជំហរ ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ លើគ្រប់វិស័យ ជាពិសេសគឺវិស័យយោធា ដែលធ្វើឲ្យអាមេរិក កំពុងមានក្ដីបារម្ភជាខ្លាំង ចំពោះការពង្រីកខ្លួនលើវិស័យយោធារបស់រុស្ស៊ី៕