ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនឹងចូលមកដល់នៅថ្ងៃទី១០ កុម្ភៈខាងមុខនេះហើយ ប៉ុន្តែសម្រាប់ជ្រូករស់ត្រូវបានគេមើលឃើញថាមិនអាចលក់បានថ្លៃដូចសាច់ជ្រូកលក់នៅលើជ្រុញនោះ ពោលជ្រូករស់មិនអាចលក់បានថ្លៃលើសពី៨០០០រៀលនោះទេក្នុងមួយគីឡូក្រាម។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្ហាញការវាយតម្លៃថា នៅក្នុងកំឡុងពេលចូលឆ្នាំចិន វៀតណាមឆ្នាំនេះជ្រូករស់លក់អត់អាចបានថ្លៃទេ ហើយតម្រូវការទីផ្សារអាចកើនឡើងតិចតួចប៉ុណ្ណោះ តែជ្រូកធ្វើហើយដាក់លក់នៅជ្រុញអាចលក់បានថ្លៃ។
លោកស្រ៊ុន ពៅ វាយតម្លៃថា តម្លៃជ្រូករស់នៅទូទាំងប្រទេសអាចលក់បានថ្លៃប្រមាណ៨០០០រៀលក្នុងមួយគីឡូក្រាម ហើយនៅក្នុងរដូវកាលចូលឆ្នាំចិន នៅឆ្នាំនេះតម្លៃជ្រូករស់មិនអាចកម្រើកឡើងលើសពីតម្លៃ៨០០០រៀលបានទេ ខណៈ តម្លៃជ្រូករស់ក្នុងស្រុក មុនពេលរាជរដ្ឋាភិបាលមិនទាន់ចេញមកដោះស្រាយ ជ្រូករស់លក់បានថ្លៃតែជាង៦០០០រៀល។
ទន្ទឹមនឹងតម្លៃជ្រូករស់មិនអាចងើបឡើងបាន, លោកស្រ៊ុន ពៅ បានលើកឡើងថា« កាលពីឆ្នាំមុនៗ ខ្វះតែប៉ុន្មានថ្ងៃចូលដល់ឆ្នំាចិន វៀតណាម យើងឃើញថាការដឹកជញ្ជូនជ្រូករស់មានមកពីគ្រប់ខេត្ត តែនៅឆ្នាំនេះជិតដល់ថ្ងៃចូលឆ្នាំចិនហើយ បែរជាមានសភាពធម្មតាទៅវិញ»។
តែទោះយ៉ាងនេះក្តី លោកស្រ៊ុន ពៅ ថាសមាគមនៅមានច្រកឬនៅមានក្តីសង្ឃឹមមួយទៀតពេលចូលដល់ខែមីនាខាងមុខនេះ និងមានការបិទមិនឱ្យមានការនាំចូលសាច់បំណែកសាច់បង្កករយៈពេល៦ខែ។ ផ្អែកលើចំណុចនេះសមាគមសង្ឃឹមថា តម្លៃជ្រូកអាចមានសន្ទុះ។ តែបើសិនជាដល់ពេលនោះក្រុមហ៊ុន មិនបានប្រមូលទិញសាច់ជ្រូកនៅក្នុងស្រុកទៅតាមការចង់បានរបស់សមាគម យើងអាចលក់បានគ្រប់បំណែកទំាងអស់នៅលើទីផ្សារដោយខ្លួនឯង ព្រោះអត់មានសាច់បង្កកធ្វើឱ្យប៉ះពាល់ទីផ្សារ៕ តាកែវ