ចិនបង្ហាញការព្រួយបារម្ភ ជុំវិញការយកពន្ធគយរបស់អាមេរិក

អន្តរជាតិ

កាលពីថ្ងៃទី០៦ ខែកុម្ភៈ ក្រសួងហិរញ្ញវត្ថុចិន បាននិយាយថា រដ្ឋមន្ត្រីហិរញ្ញវត្ថុបានបង្ហាញការព្រួយបារម្ភជាខ្លាំង មុនពេលចូលជួបជាមួយមន្ត្រីក្រសួងរតនាគារអាមេរិក ជុំវិញការយកពន្ធគយ ការរារាំងការបណ្ដាក់ទុន និងទណ្ឌកម្មសេដ្ឋកិច្ច បង្កើតឡើងដើម្បីបង្ក្រាបក្រុមហ៊ុនចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ភាគីទាំងសងខាង បានមានការពិភាក្សាគ្នាយ៉ាងលំអិត ស្មោះត្រង់ ជាក់ស្ដែង និងស្ថាបនា ចំពោះការផ្លាស់ប្ដូរយោបល់លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយរវាងប្រទេសទាំង២ ក៏ដូចជាបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍនានា ក្នុងចំណោមបញ្ហាជាច្រើន ដែលបានលើកមកនិយាយនៅក្នុងកិច្ចប្រជុំដែលកើតមាននៅក្នុងសប្ដាហ៍នេះ។

បន្ថែមពីនោះ ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ក៏បានជួបជាមួយអនុរដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអន្តរជាតិ លោក Jay Shambaugh ផងដែរ ដោយបានទទូចឲ្យប្រទេសទាំង២ ពង្រឹងការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីជួយឲ្យទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែមានស្ថិរភាព និងការអភិវឌ្ឍន៍ជាងមុន។

សូមជម្រាបដែរថា បច្ចុប្បន្នសហរដ្ឋអាមេរិក យកពន្ធគយចន្លោះពី ៧,៥% រហូតដល់ ២៥% ទៅលើការនាំចូលទំនិញពីប្រទេសចិន ស្របពេលថ្មីៗនេះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា នឹងមានការដំឡើងអត្រាពន្ធនាំចូលពីចិនបន្ថែមទៀត បើសិនជាលោកជាប់ឆ្នោតជាមេដឹកនាំអាមេរិក៕