ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Toyota បានបង្ហើបថា ពួកគេត្រៀមចាយលុយប្រមាណ ១,៣ពាន់លានដុល្លារ ដើម្បីវិនិយោគបន្ថែមនៅរោងចក្រក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក លើផ្នែករថយន្តអគ្គិសនី ប្រភេទ SUV។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ការពង្រីកខ្លួនរបស់ Toyota គឺមានគោលបំណងពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក ខណៈការបណ្ដាក់ទុនសារនេះ ធ្វើឲ្យទំហំវិនិយោគសរុបនៅរោងចក្ររដ្ឋ Kentucky មានតម្លៃរហូតដល់ទៅជិត ១០ពាន់លានដុល្លារហើយ។
គួសបញ្ជាក់ដែរថា រោងចក្រនៅរដ្ឋ Kentucky គឺជាកូនសោសំខាន់បំផុតមួយរបស់ Toyota ដែលផ្ដល់ឱកាសការងារ សម្រាប់ប្រជាជនអាមេរិកប្រមាណ ៩ ៤០០នាក់ និងផលិតរថយន្តបានច្រើនជាង ៥៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។
ជម្រាបបន្ថែមថា Toyota គឺជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើលោក បើទោះជាពួកគេដើរយឺតជាងក្រុមហ៊ុនរថយន្តអគ្គិសនីកំពូលៗដូចជា Tesla និង BYD ក៏ប៉ុន្តែការវិវត្តខ្លួនរបស់ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ នៅតែខ្លាំង អាចតាមទាន់តម្រូវការរថយន្តអគ្គិសនីបានដូចដើម៕