អំឡុងអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្រេចបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា MoU លើឯកសារចំនួន ២ ជាមួយភាគីថៃ។
ឯកសារចំនួន២នោះផ្តោតលើការធ្វើការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច រួមមាន៖ ទី១ អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ ទី២ អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។ ពិធីចុះ MoU ខាងលើធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នាព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈនេះ។
ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក៏សម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ ផងដែរ ជាមួយភាគីថៃ ដូចជា៖ ១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ និង៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ៕