លោក ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភាថៃ បានបង្ហាញជំនឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ ការលើកឡើងរបស់ប្រធានព្រឹទ្ធសភាថៃក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី០៧ ខែកុម្ភៈ នៅទីក្រុងបាងកក។
ក្នុងជំនួបនេះ លោក ផនភេត វិឈិតឆុលឆៃ បានរំឭកផងដែរអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមកនេះ។ បន្ថែមពីនេះលោកបានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ នៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិរវាងប្រទេសទាំងពីរ។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានជម្រាបអំពីលទ្ធផលនៃជំនួបជាមួយនាយករដ្ឋមន្រ្តីថៃ ជាពិសេសការតំឡើងកម្រិតនៃទំនាក់ទំនងពី «ភាពជាដៃគូរឹងមាំដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀតលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខថាមពល, ការដោះមីន, ការងារ, អប់រំ, ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕