គិតត្រឹមរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៤ មហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានក្លាយជាបុគ្គលដែលរកចំណូលបានច្រើនបំផុតទី២ លើលោក បន្ទាប់ពីស្ថាបនិក Facebook លោក Mark Zuckerberg។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា រយៈពេល២ខែនេះ មេធំ Facebook រកចំណូលបានច្រើនជាង ៤០ពាន់លានដុល្លារ ស្របពេលមហាសេដ្ឋីឥណ្ឌា រកចំណូលបានជាង ១៦ពាន់លានដុល្លារ។
ចំណូលដ៏ច្រើនបែបនេះ បានធ្វើឲ្យទំហំទ្រព្យសម្បត្តិសរុបរបស់ម្ចាស់ក្រុមហ៊ុន Adani Group កើនឡើងដល់ចំនួន ១០១ពាន់លានដុល្លារ តាមពីក្រោយអ្នកមានដាច់គេនៅឥណ្ឌា លោក Mukesh Ambani តែ ៧ពាន់លានដុល្លារប៉ុណ្ណោះ។
សូមជម្រាបដែរថា ទំហំទ្រព្យសម្បត្តិដ៏ច្រើនរបស់លោក Gautam Adani គឺឡើងដល់ចំណុច ១០០ពាន់លានដុល្លារជាលើកដំបូង តាំងពីក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg អះអាងថា លោកបានលួចបន្លំទិន្នន័យផ្សារហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌាខាតបង់រាប់រយពាន់លានដុល្លារ និងធ្វើឲ្យទ្រព្យសម្បត្តិរបស់លោករបូត អស់រាប់សិបពាន់លានដុល្លារឯណោះ៕