លោកស្រី Lisa Su នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Advanced Micro Devices Inc ហៅកាត់ AMD ត្រូវបានទទួលងារជាមហាសេដ្ឋីមួយរូប បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកស្រី កើនដល់ចំនួន ១,១ពាន់លានដុល្លារ ខណៈបច្ចុប្បន្នលោកស្រីមានអាយុ ៥៤ឆ្នាំ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes។
ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោកស្រី គឺបណ្ដាលមកពីតម្លៃភាគហ៊ុនរបស់ AMD មានសន្ទុះល្អ ហើយបើទោះជាលោកស្រី Lisa មានចំណែកភាគហ៊ុនត្រឹម ០,២% ឬប្រមាណ ៤លានហ៊ុន ក៏វាបានគ្របដណ្ដប់ ៧៥% នៃទំហំទ្រព្យសម្បត្តិសរុបជាង ១ពាន់លានដុល្លាររបស់លោកស្រីផងដែរ។
ជាមួយគ្នា ការក្លាយជាមហាសេដ្ឋីនេះទៀតសោត បានជួយឲ្យលោកស្រី ជាប់ឈ្មោះជា CEO ស្រីដំបូងបំផុតនៅក្នុងក្រុមហ៊ុនបន្ទះឈីបទូទាំងសកលលោក ដែលអាចឈានដល់ចំណុចកំពូល និងជាស្ត្រីមួយរូបដែលប្រឹងប្រែងខ្លាំង រហូតអាចក្លាយជាមហាសេដ្ឋីបែបនេះ។
រំលឹកបន្តិចថា មហាសេដ្ឋី Lisa Su គឺបានកើតនៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៦៩ ប៉ុន្តែពេលលោកស្រីមានអាយុ ៣ឆ្នាំ គ្រួសាររបស់លោកស្រីបានចំណាកស្រុកមករស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
មហាសេដ្ឋីជនជាតិអាមេរិករូបនេះ គឺបានសិក្សានៅសកលវិទ្យាល័យ Massachusetts Institute of Technology និងសម្រេចបានដល់ថ្នាក់បណ្ឌិត ផ្នែកវិស្វកម្មអេឡិចត្រូនិកនៅទីនោះ ស្របពេលលោកស្រីមានបទពិសោធន៍ការងារលើវិស័យឌីជីថលយ៉ាងជោគជាំ មុនទទួលបានតំណែងកំពូលនៅក្រុមហ៊ុន AMD៕