រយៈពេល ១៣ខែ ម៉ាឡេស៊ីប្រមូលលុយវិញបានជិត ៥លានដុល្លារ ពីមូលនិធិ 1MDB

អន្តរជាតិ

អង្គភាពប្រឆាំងអំពើពុករលួយបានរាយការណ៍ថា ចន្លោះពីខែមករា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងប្រមែប្រមូលលុយ បានច្រើនជាង ២៣លានរីងហ្គីត ឬប្រមាណ ៤,៨លានដុល្លារ ពីទឹកប្រាក់ដែលបាត់បង់ក្នុងគម្រោងអភិវឌ្ឍន៍ម៉ាឡេស៊ី 1MDB។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានអះអាងថា រដ្ឋាភិបាលម៉ាឡេស៊ីបានព្យាយាម​ប្រមូលលុយដែលបាត់បង់នោះ ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមការងារស្តារទ្រព្យសម្បត្តិ 1MDB និងភ្នាក់ងារបរទេស ក៏ដូចជាតាមវិធីសាស្ត្រផ្សេងទៀត។

គួររំលឹកបន្តិចថា ក្រុមស៊ើបអង្កេតម៉ាឡេស៊ី និងអាមេរិក បានផ្ដល់ការសន្និដ្ឋានថា ទឹកប្រាក់ដែលត្រូវបានលួចកិបកេងពីគម្រោង 1MDB គឺមានប្រមាណ ៤,៥ពាន់លានដុល្លារឯណោះ។

ជម្រាបបន្ថែមថា ចន្លោះពីឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រមូលប្រាក់ប្រហែល ២៩ពាន់លានរីងហ្គីត ឬជាង ៦ពាន់លានដុល្លារ ស្មើនឹង ៧០% នៃទឹកប្រាក់សរុបដែលបានលួចពីគម្រោង 1MDB។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times៕