ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក BYD គ្រោងនឹងបើកហាងលក់រថយន្តដំបូងរបស់ខ្លួន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងខែឧសភាខាងមុខ។
តាមការចុះផ្សាយពីសារព័ត៌មាន VnExpress បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុនរថយន្តលំដាប់កំពូលរបស់ប្រទេសចិនមួយនេះ នឹងដាក់លក់រថយន្តដំបូងរបស់ខ្លួន ដូចជាម៉ូដែលប្រភេទ Sedan និង SUV នៅក្នុងប្រទេសវៀតណាម។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងនាំចេញរថយន្តរបស់ខ្លួនទាំងស្រុង ដែលផលិតនៅក្នុងប្រទេសចិន ប៉ុន្តែនៅពេលអនាគត BYD អាចនឹងនាំចូលរថយន្តទៅកាន់ប្រទេសវៀតណាម ពីរោងចក្រតម្លៃ ៥០៤លានដុល្លារ ដែលកំពុងសាងសង់ស្ថិតនៅក្នុងប្រទេសថៃ ហើយរំពឹងថានឹងចាប់ផ្តើមផលិតកម្ម នៅឆ្នាំនេះ។
ជម្រាបជូនផងដែរថា BYD ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៣ បានលក់រថយន្តអគ្គិសនីសរុបចំនួន ១,៦២ លានគ្រឿងកាលពីឆ្នាំមុន ដោយជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដាច់បំផុតលើលោក បន្ទាប់ពីក្រុមហ៊ុន Tesla ដែលលក់បាន ១,៨ លានគ្រឿង៕