សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានទម្លាក់គោលដៅលើការនាំចេញអង្កររបស់ខ្លួនមកនៅត្រឹមចំនួន ៧,៥លានតោននៅឆ្នាំនេះ ដោយធ្លាក់ចុះពីអ្វីដែលប្រទេសថៃបានសម្រេចការនាំចេញចំនួន ៨,៧លានតោនកាលពីក្នុងឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។
ប្រធានកិត្តិយស TREA លោក Chukiat Opaswong បាននិយាយថា កាលពីឆ្នាំមុនការនាំចេញអង្កររបស់ថៃមានភាពល្អប្រសើរ ក៏ ដោយសារតែរដ្ឋាភិបាលប្រទេសឥណ្ឌាបានដាក់ការហាមឃាត់លើការនាំចេញអង្ករ ជាហេតុនាំឲ្យមានតម្រូវការខ្ពស់ពីក្រៅប្រទេស។
លោកបន្ថែមថា នៅឆ្នាំនេះវិញ ប្រទេសឥណ្ឌានឹងបន្តការនាំចេញសាជាថ្មី ហើយក៏ត្រៀមដណ្តើមតំណែងរបស់ខ្លួនមកវិញផងដែរ ក្នុងនាមជាប្រទេសនាំចេញអង្ករកំពូលរបស់ពិភពលោក ជាមួយនឹងការប៉ាន់ស្មានលើការនាំចេញប្រមាណ ១៦,៥លានតោន។
ទន្ទឹមនឹងនោះ ប្រទេសថៃ ក៏ដូចជាប្រទេសវៀតណាម នឹងប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់លេខពីរ លើគោលដៅនាំចេញអង្ករខ្ទង់ ៧,៥លានតោន ខណៈប៉ាគីស្ថានអាចជាប់ចំណាត់ថ្នាក់លេខបួន ដោយអាចរំពឹងថានឹងនាំចេញបានចំនួន ៥លានតោន តាមពីក្រោយដោយសហរដ្ឋអាមេរិកចំនួន ២,៧លានតោន និងប្រទេសចិនចំនួន ២,២លានតោន។
ចំណុចដែលពិសេសជាងនេះទៅទៀតនោះ លោក Chukiat បានលើកឡើងនូវកត្តាធំៗចំនួន ៥ចំណុច ដែលនាំឲ្យការនាំចេញអង្កររបស់ថៃក្នុងឆ្នាំ២០២៤ នេះមានការធ្លាក់ចុះ៖
១. បម្រែបម្រួលនៃតម្លៃលុយបាតមានខ្ពស់ បើធៀបទៅនឹងតម្លៃលុយដុងរបស់វៀតណាម
២. ទិន្នផលស្រូវហាក់មិនទទួលបានទិន្នផលខ្ពស់ ដោយមួយរ៉ៃប្រទេសថៃទទួលបានត្រឹម ៤៥០គីឡូក្រាម ខណៈបើធៀបទៅនឹងវៀតណាមវិញមានចំនួន ៩៧០គីឡូក្រាមឯណោះ
៣. ផលិតផលអង្ករថៃបច្ចុបន្នមានតម្លៃចាប់ពី៣០ ទៅ៤០ដុល្លារក្នុងមួយតោន ដែលចំនួននេះមានតម្លៃថ្លៃជាងដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក
៤. សេចក្តីអនុម័តរបស់រដ្ឋាភិបាលឥណ្ឌាលើការហាមប្រាមការនាំចេញអង្ករ អាចនឹងផុតកំណត់នៅអំឡុងខែមេសា ឬខែឧសភាខាងមុខ ហើយក៏ជាហេតុផលដែលនាំឲ្យទីផ្សារអង្ករថៃមានភាពចង្អៀតជាងឆ្នាំមុនផងដែរ
៥. បាតុភូតនៃបម្រែបម្រួលអាកាសធាតុ El Nino អាចនឹងនាំឲ្យប្រទេសថៃបន្តនូវភាពរាំងស្ងួត ហើយអាចនឹងនាំឲ្យមានការកាត់បន្ថយទិន្នផលស្រូវបន្ថែមទៀតផងដែរ៕