សេដ្ឋីនីថៃ ក្លាយជាស្ត្រីដំបូងដែលដឹកនាំសមាគមបាល់ទាត់ប្រទេសថៃ

អន្តរជាតិ

សេដ្ឋីនីថៃ លោកស្រី Nualphan Lamsam បានក្លាយជាស្ត្រីទីមួយ ឡើងកាន់តំណែងជាប្រធាននៃសមាគមបាល់ទាត់នៃប្រទេសថៃ និងដំបូងគេផងដែរនៅទ្វីបអាស៊ី ខណៈនៅលើពិភពលោក លោកស្រីជានារីទី០៧ ដែលកាន់តំណែងបែបនេះ។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង Muang Thai Insurance ដែលគ្រប់គ្នាដាក់រហស្សនាមថា ម៉ាដាមប៉ាង ក៏ជាបុគ្គលមួយរូបស្រលាញ់ និងចូលចិត្តវិស័យកីឡាបាល់ទាត់ផងដែរ ដោយលោកស្រី ក៏ធ្លាប់កាន់តួនាទីជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិថៃថែមទៀត។

ម៉ាដាមប៉ាង បានក្លាយជាក្បាលម៉ាស៊ីនថ្មីរបស់សមាគមបាល់ទាត់ថៃ បន្ទាប់ពីលោក Somyot Poompanmoung ដែលបានលាលែងតំណែងពីគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ ក្រោយក្រុមរបស់ខ្លួនធ្វើមិនបានល្អ និងបង្ករឿងជាមួយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី អំឡុងពេលប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសកម្ពុជាកាលពីឆ្នាំមុន។

ជាមួយនឹងការឡើងកាន់តំណែងថ្មីនេះផងដែរ ម៉ាដាមប៉ាងបានសន្យាថា នឹងព្យាយាមជំរុញវិស័យបាល់ទាត់ថៃ ឲ្យមានភាពប្រសើរឡើងវិញ បន្ទាប់ពីជួបប្រទះរឿងអាស្រូវមិនចេះចប់កាលពីឆ្នាំទៅ។

សូមជម្រាបដែរថា លោកស្រី Nualphan Lamsam គឺជាធុរកិច្ចជនកំពូលមួយនេះប្រទេសថៃ ដែលមានអាជីវកម្មក្នុងដៃជាច្រើន ហើយគ្រួសារត្រកូល Lamsam នេះផងដែរ ត្រូវបានទស្សនាវដ្ដី Forbes ចាត់ទុកថា ជាគ្រួសារអភិជន មានទ្រព្យធនច្រើនបំផុតមួយនៅប្រទេសថៃថែមទៀត៕