ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក លោក ពូទីន បញ្ជាក់គ្មានបំណងធ្វើឲ្យសង្គ្រាមរាលដាល

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានជនជាតិអាមេរិក កាលពីថ្ងៃទី០៨ ខែកុម្ភៈថា រុស្ស៊ីគ្មានគោលបំណងបង្ក​សង្គ្រាម ឲ្យឆេះរាលដាលដល់ប្រទេសដទៃ ក្រៅពីអ៊ុយក្រែនឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់លោក ពូទីន គឺកើតឡើងបន្ទាប់ពីមានចចាមអារ៉ាមថា រុស្ស៊ីកំពុងត្រៀមទ័ព វាយប្រហារទៅលើប្រទេសជិតខាងដទៃទៀតដូចជា ប្រទេសប៉ូឡូញ និងប្រទេសឡាតវីជាដើម។

នៅពេលចោទសួរថា តើមានសេណារីយ៉ូអ្វី ដែលរុស្ស៊ីនឹងវាយប្រហារលើប្រទេសប៉ូឡូញ? លោក ពូទីន ឆ្លើយបកទៅវិញថា មានករណីតែមួយប៉ុណ្ណោះ គឺប៉ូឡូញវាយប្រហាររុស្ស៊ីមុន ដ្បិតអីរុស្ស៊ីមិនដែលខ្វល់ខ្វាយពីប៉ូឡូញ ឬក៏ឡាតវី ឡើយ គឺចង់នៅតែសុខប៉ុណ្ណោះ ក៏ប៉ុន្តែបើសិនជាពួកគេបើកការវាយប្រហារមុន រុស្ស៊ីមិននៅស្ងៀមនោះឡើយ។

សូមជម្រាបដែរថា នៅក្នុងកិច្ចសម្ភាសន៍រយៈពេលជាង ២ម៉ោង ជាមួយអ្នកសារព័ត៌មាន Tucker Carlson ធ្វើឡើងនៅ​ទីក្រុងមូស្គូនេះ ក៏បានបង្ហាញភាពវិជ្ជមាន នៃការដោះលែងអ្នកសារព័ត៌មានជនជាតិអាមេរិក Evan Gershkovich របស់ស្ថាប័ន Wall Street Journal ដែលរុស្ស៊ីបានបង្ខាំងខ្លួនរយៈពេលជិតមួយឆ្នាំ និងកំពុងរង់ចាំការកាត់ក្ដី ជុំវិញការចោទប្រកាន់ទាក់ទងនឹងបទចារកម្ម៕