ធនាគាររបស់ អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៣រូប ជាធនាគារដៃគូជាមួយក្រសួងមហាផ្ទៃ និងបានភ្ជាប់ប្រព័ន្ធទូទាត់វិក្កយបត្រ ក្នុងការទូទាត់កម្រៃសេវារដ្ឋបាលនានានៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សួស ប្រាថ្នា អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង, ធនាគារ កាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ និងធនាគារ ហត្ថា របស់ឧកញ៉ា ហួត អៀងតុង រួមទាំងធនាគារដៃគូចំនួន ៨ទៀត គឺជាដៃគូបានភ្ជាប់ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub)។
លោក សួស ប្រាថ្នា បានលើកឡើងក្នុងរបាយការណ៍ថា អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមហ៊ុន KESS INNOVATION PLC បំពាក់ម៉ាស៊ីនទូទាត់ប្រាក់ស្វ័យប្រវត្តិជូនរដ្ឋបាលរាជធានី ខេត្ត ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចមានជម្រើសកាន់តែច្រើន ក្នុងការទូទាត់កម្រៃសេវារដ្ឋបាល ពោលគឺអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារ ឬភ្នាក់ងារផ្តល់សេវាផ្ទេរប្រាក់ផ្សេងៗ ឬបង់កម្រៃសេវាជាសាច់ប្រាក់ដោយផ្ទាល់ក៏បាន។
លោកអគ្គនាយករដ្ឋបាល បានបន្ថែមដូច្នេះថា៖ “បច្ចុប្បន្ន ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) បានភ្ជាប់ជាមួយធនាគារដៃគូមានចំនួន ១២ រួមមាន៖ ១.ធនាគារ អេស៊ីលីដា, ២.ធនាគារ អេប៊ីអេ, ៣.ធនាគារ ប៊ីអាយស៊ី, ៤.ធនាគារ វីង, ៥.ធនាគារ ស្ថាបនា, ៦.ធនាគារ កាណាឌីយ៉ា, ៧.ធនាគារ ភីភីស៊ីប៊ី, ៨.ធនាគារ ហត្ថា, ៩.ក្រុមហ៊ុន យូផេឌីជីថល, ១០.ភ្នាក់ងារផ្ទេរប្រាក់ទ្រូម៉ាន់នី, ១១.ភ្នាក់ងារផ្ទេរប្រាក់ អ៊ីម៉ាន់នី និង ១២.ប្រព័ន្ធ KHQR បាគង។ ជាមួយគ្នានេះ ក្រសួងក៏គ្រោងពង្រីកការតភ្ជាប់ជាមួយធនាគារដៃគូផ្សេងៗទៀត នៅពេលអនាគតផងដែរ”។
តាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលតាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការស្នើសុំសេវារដ្ឋបាលឱ្យបានកាន់តែឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។ លោកឧបនាយករដ្ឋមន្ត្រី យល់ថាប្រព័ន្ធទូទាត់វិក្កយបត្រនេះ ក៏នឹងចូលរួមចំណែកបំបាត់អំពើពុករលួយ និងការទាមទារកម្រៃសេវាក្រៅផ្លូវការ កាត់បន្ថយបន្ទុកបុគ្គលិកក្នុងការកាន់សាច់ប្រាក់ និងធានាបាននូវសុវត្ថិភាពខ្ពស់៕