ការនាំចេញក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់បានចំនួនជាង ៣២លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងខែមករាឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ២៥ ០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៧៩.៣៣% ប្រភេទអង្ករស ធម្មតា ១៤.៨៤% អង្ករចំហ៊ុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន ២.៦៦% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង១៨៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួនជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២៣ ដែលក្នុងនោះទីផ្សារសហគមន៍អឺរ៉ុបគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា៕ តាកែវ