សម្តេចក្រឡាហោម ផ្ញើសារអបអរសាទរ លោក គុយ សុផល ទទួលបានគោរមងារ «ឧកញ៉ា មហាមន្ត្រី»

ជុំវិញ​ឧកញ៉ា

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​អនុប្រធាន​កិត្តិយស​នៃ​សមាគមឧកញ៉ាកម្ពុជា បាន​ផ្ញើសារ​លិខិតអបអរសាទរជូន លោក​ គុយ សុផល ដែលបានទទួលគោរមងារជា «ឧកញ៉ា មហាមន្ត្រី»។ នេះបើតាមសារ​លិខិតចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចក្រឡាហោម ស ខេង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសារលិខិតខាងលើ សម្តេចក្រឡាហោម បានសម្តែងអំណរសាទរជូនចំពោះលោក​ គុយ សុផល ដែលត្រូវបាន ព្រះករុណា​ជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ប្រោស ព្រះរាជទានគោរមងារជា «ឧកញ៉ា មហាមន្ត្រី»។

សម្តេចបានបន្ថែមថា គោរមងារថ្មីនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការតស៊ូពុះពារមិនខ្លាចនឿយហត់របស់ ឧកញ៉ា មហាមន្ត្រី អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ក្នុងបេសកកម្មបម្រើដ៏ស្មោះស្ម័គ្រ ដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេសបានធ្វើពលិកម្ម គ្រប់បែបយ៉ាងក្នុងការថែរក្សា ការពារ និងលើកស្ទួយ​របបរាជា​និយម​អាស្រ័យរដ្ឋធម្មនុញ្ញនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានប្រាសព្រះរាជទាន​​ផ្តល់​គោរមងារ​ជា «ឧកញ៉ា មហាមន្ត្រី គុយ សុផល» ជូនលោក​ គុយ សុផល តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/​០២២៤/​១៤៨ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែល​បច្ចុប្បន្ន​ លោក​ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង៕