អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកឧកញ៉ា ឧកញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដែលបានអមដំណើរអ្នកឧកញ៉ា គិត ម៉េង ចូលរួមក្នុងជំនួបនេះរួមមាន៖ អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា លី ឃុនថៃ, ឧកញ៉ា គួច ផេង, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា លឹម សុជាតិ ដែលជាអនុប្រធានសភាពាណិជ្ជកម្ម។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ Oknha News ឱ្យដឹងថា ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ គឺធ្វើឡើងក្នុងនាមភាពជាដៃគូរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាអាណាព្យាបាល។ អ្នកឧកញ៉ា បានបន្តថា យើងជួបគ្នាដើម្បីដាក់ចេញជាយុទ្ធសាស្ត្រ និងគោលដៅថ្មី សម្រាប់ឆ្នាំថ្មី និងទៅអនាគត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលយើងមានការិយាល័យតំណាង ហើយសភាពាណិជ្ជកម្មនៅតាមបណ្តាខេត្ត នឹងពង្រីកឱ្យបានទាំង ២៥រាជធានី ខេត្ត។ ជំនួបនេះដែរ ក៏បានលើកឡើងពីការរៀបចំនូវវេទិកាធុរកិច្ចផ្សេងៗ នៃដំណើរទស្សនកិច្ច និងដំណើរបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ។
បន្ថែមពីនេះ អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងទៀតថា ជំនួបខាងលើក៏បានពិភាក្សាគ្នាពីការរៀបចំបង្កើតច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ស្តីពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ ដើម្បីឱ្យសភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងឱ្យវិស័យឯកជនតែមួយគត់នៅកម្ពុជា ចូលរួមក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិថ្មីៗនេះឡើង។
សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សូមជម្រាបថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្ម មិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឱ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅទូទាំងប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕