បាំងតែមួយអាទិត្យទៀតតែប៉ុណ្ណោះ គឺនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤៨ខែ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកថា គម្រោងស្ថាននេះ ប្រើឥណទានសម្បទានពីប្រទេសចិន ដោយត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឺង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,៧ កន្លងម៉ូតូ និង ២គន្លងថ្មើជើង។ ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម នឹងត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ)។
បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ នៅពេលសាងសង់រួចរាល់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។
គួរបញ្ជាក់ថា ស្ពាននេះគឺជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច ដូចជាស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣ជាដើម៕