នៅថ្ងៃទី១១ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាជាថ្មីម្តងទៀត ដើម្បីពិនិត្យ តាមដាន និងព្យាបាលលើបញ្ហាតម្រងនោមរបស់លោក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន RT ។
យោងតាមលេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយថា លោក Austin ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ដើម្បីពិនិត្យមើលរោគសញ្ញាអំពីបញ្ហាតម្រងនោមរបស់លោក។ ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះបានលើកឡើងថា លោក Austin បានផ្ទេរមុខងារ និងភារកិច្ចរបស់ការិយាល័យទៅឲ្យលេខាធិការរងលោកស្រី Kathleen Hicks ជាបណ្តោះអាសន្នសិន។
គួរជម្រាបថា កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ធ្លាប់ទទួលបានការវះកាត់ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតម្តងហើយដែរ តែលុះមកដល់ថ្ងៃទី០១ ខែមករា លោកក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាជាថ្មីម្ដងទៀត បន្ទាប់ពីមានអាការៈឈឺចាប់យ៉ាងខ្លាំង នៅផ្នែកត្រគៀក និងជើងរបស់លោក។ ដោយឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យពីក្រុមគ្រូពេទ្យ ក៏រកឃើញថាលោក Austin បានឆ្លងមេរោគនៅក្នុងតម្រងនោម និងតម្រូវឲ្យមានការសម្រាកព្យាបាលជាចាំបាច់។
តែយ៉ាងណាក៏ដោយ លោក Austin បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ដោយសារការចូលសម្រាកនៅមន្ទីរពេទ្យ មិនបានផ្ដល់ជាដំណឹងទៅកាន់ថ្នាក់លើដូចជារដ្ឋសភា ក៏ដូចជាប្រធានាធិបតីអាមេរិកទាល់តែសោះ៕