ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក ជូនឧត្តមសេនីយ៍ទោ ហែម សុវត្ថិ។ នេះបើតាមព្រះរាជក្រឹត្យ នស/រកត/១២២៣/២៦៦១ ឡាយព្រះហត្ថលេខាដោយព្រះករុណា ព្រះមហាក្សត្រ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ។
ពេលថ្មីៗនេះ អគ្គស្នងការនគរបាលជាតិ បានរៀបចំបំពាក់ឋានន្ដរស័ក្ដិ «ថ្នាក់ឧត្តមសេនីយ៍ឯក» ជូនឧត្តមសេនីយ៍ទោ ហែម សុវត្ថិ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះធ្វើឡើងក្នុងពិធីបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិ។
ឧត្តមសេនីយ៍ទោ ហែម សុវត្ថិ បច្ចុប្បន្នកំពុងកាន់តួនាទីជាអគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។
សូមជម្រាបជូនថា ឧត្តមសេនីយ៍ទោ ហែម សុវត្ថិ ធ្លាប់ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ហើយដោយមានការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំឧត្តមសេនីយ៍ឯកត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕