ឧកញ៉ា គីម ហ៊ាង៖ កម្ពុជា គួរតែសម្លឹងទាក់ទាញវិនិយោគិន ពីប្រទេសតំបន់អារ៉ាប់ ដើម្បីជួយជំរុញសេដ្ឋកិច្ច

ជុំវិញ​ឧកញ៉ា

ឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​អគ្គនាយកបុរី វិមានសំណាង ​​យល់ឃើញ​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ កម្ពុជា​គួរ​តែ​សម្លឹង​មើល​​ឱកាស​ទាក់ទាញ​វិនិយោគិន​ មកពី​ប្រទេស​តំបន់អារ៉ាប់ ​​ដែល​ជា​ប្រទេស​ចាយ​លុយ​ធំ​ជាង​គេ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​ប្រសើរ​ឡើង​វិញ ជាពិសេស​លើ​វិស័យដីធ្លី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា បាន​​លើក​ឡើង​ក្នុងបទសម្ភាសន៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា យើងបានឆ្លងកាត់ដំណាក់កាលលំបាកបំផុត​រួច​ហើយ ដូច្នេះ​ដំណោះស្រាយ​នាពេល​បច្ចុប្បន្ន​ លោក​​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អ្វី​ដែល​សេដ្ឋកិច្ចកម្ពុជា​ត្រូវការ​ អ្វី​ដែល​វិស័យដីធ្លី​ត្រូវការ គឺ​ទុន​វិយោគ​​ពី​បរទេស។ យើង​មិន​អាច​រំពឹង​ត្រឹម​តែ​ចិន​នោះ​ទេ អ្វី​ដែល​​យើង​គួរ​ធ្វើ​គឺ​ត្រូវ​ទាក់ទាញ​អ្នកវិនិយោគ​មក​ពី​គ្រប់​ប្រទេស ​ដូចជា​វិនិយោគិន​មកពី​ ជប៉ុន កូរ៉េខាងត្បូង អឺរ៉ុប អាម៉េរិក ជាដើម។ ជាពិសេស ​ប្រទេស​ដែល​ចាយលុយ​ធំ​ជាង​គេ​ក្នុង​ឆ្នាំ២០២២ និងឆ្នាំ២០២៣ គឺ​ប្រទេស​តំបន់​អារ៉ាប់។

ស្ថាបនិក KW Cambodia ទូទាំងប្រទេស បាន​បន្ថែម​ដូច្នេះ​ថា៖​ “នៅមជ្ឈិមប្រទេស គឺជាប្រទេស​ដែល​មាន​លុយ​មហាសាល។ គ្រាន់​តែ​មាន​បរទេស​ទម្លាក់​លុយ​ជាង ១០ពាន់​លានដុល្លារ នៅ​ខេត្ត​​ព្រះសីហនុ ក្នុងរយៈពេល៣ឆ្នាំ វិស័យ​ដីធ្លីនៅ​ស្រុកខ្មែរ​រីកចម្រើន​ដូចផ្ការីក។ ខ្ញុំ​មើលឃើញ បើសិន​ជា​យើង​អាចទាក់ទាញ​ចិន​ផង កូរ៉េ ជប៉ុន អឺរ៉ុប អាស៊ាន និង​ប្រទេស​​តំបន់អារ៉ាប់ផង ឬ​​បើសិន​ប្រទេសអារ៉ាប់ ទម្លាក់​លុយ​វិនិយោគ​ ២០ពាន់លាន​ដុល្លារ​​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២៤ នោះ​សេដ្ឋកិច្ចកម្ពុជា នឹង​​អាចល្អ​​ដូច​ឆ្នាំ២០១៩។ យើង​ត្រូវការ​តែ​លុយ​បរទេស​ប្រហែល ២០ពាន់លានដុល្លារ ហើយ​លុយ​ទាំង​២០ពាន់លាន​នេះ​ វា​នឹង​សាយភាយ​គ្រប់ផ្នែក ក្លាយ​ជា​រាប់សិប រាប់រយ​ពាន់លាន​ដុល្លារ​ នោះ​សេដ្ឋកិច្ចជាតិ​យើង​នឹង​ដំណើរការ​ប្រសើរ​ឡើង​វិញ”។

សូម​ជម្រាប​ថា បើ​តាម​លោក ជា វុទ្ធី មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ធ្លាប់​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣​ថា ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) នៅកម្ពុជា គឺ​ការវិនិយោគ​ពី​ប្រទេស​ចិន​ មាន​អត្រា​ខ្ពស់​ជាងគេ​ ដោយមាន​អត្រា ​៤២,១ ភាគរយ​, ថៃ ១,០៩​ ភាគរយ​, ជប៉ុន ០,៩៨ ​ភាគរយ​, កោះកៃម៉ាន ០,៥២​ ភាគ​​រយ​, កោះសាម័រ ០,៥០ ​ភាគរយ​, កូរ៉េខាងត្បូង ០,៤៥​ ភាគរយ​, អង់គ្លេស ០,៣២​ ភាគរយ​, សិង្ហ​​បុរី ០,៣១​ ភាគរយ​, និង​ម៉ា​ឡេ​ស៊ី ០,១៩ ​ភាគរយ ខណៈ​ដែល​ប្រទេស​​តំបន់អារ៉ាប់​នៅមជ្ឈិមបូព៌ា មាន​តិចតូច​នៅឡើយ៕