កោះស្តេច រីសត ដែលអតីតកាលធ្លាប់ជាកោះមួយដាច់ស្រយាលពុំសូវមានអ្នកស្គាល់ បច្ចុប្បន្ននេះអាចទទួលបានភ្ញៀវទេសចរប្រមាណ ១០ម៉ឺននាក់ក្នុងមួយឆ្នាំ និងអាចនាំលំហូរសាច់ប្រាក់ជាង ៥លានដុល្លារ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ នេះបើតាមការបង្ហើបឱ្យដឹងពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស និងជាម្ចាស់គម្រោងអភិវឌ្ឍន៍កោះស្តេច រីសត នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈនេះ។
ថ្មីៗនេះ កោះស្តេច រីសត បានរៀបចំនូវចំណតរថយន្តកោះស្តេច មានទីធ្លាធំទូលាយ ស្រស់ស្អាត មានម្លប់ត្រជាក់ មានសុវត្ថិភាពខ្ពស់ អាចទុកចិត្តបាន ដែលនឹងផ្តល់ភាពងាយស្រួល សម្រាប់បងប្អូនដែលមានបំណង ចង់ឆ្លងនៅលេងកោះស្តេច អាចដើរលេងលើកោះបានយ៉ាងស្ងប់ចិត្ត និងគ្មានទុក្ខកង្វល់អ្វីទាំងអស់។
អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញចំណាប់អារម្មណ៍លើបណ្តាញសង្គម នៅថ្ងៃពុធនេះ បន្ទាប់ពីអភិវឌ្ឍបន្ថែមនូវចំណតរថយន្តសុវត្ថិភាពរួចរាល់ ដូច្នេះថា៖ “នេះជាការកែប្រែមុខមាត់ថ្មីមួយទៀតរបស់កោះស្តេច ដែលធ្លាប់តែជាកោះដាច់ស្រយាលពុំមានគេស្គាល់ រហូតមកដល់ពេលនេះអាចទទួលបានភ្ញៀវទេសចរមិនតិចជាង ១០០,០០០នាក់ក្នុងឆ្នាំ២០២៣ ដែលនាំមកនូវលំហូរសាច់ប្រាក់លើសពី ៥លានដុល្លារ សម្រាប់ប្រជាពលរដ្ធក្នុងសហគមន៍”។
កោះស្តេច រីសត ជាតំបន់រមណីយដ្ឋាន លក្ខណៈឯកជនដំបូងគេបង្អស់នៅលើកោះឆ្នេរដូង ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេច រីសត បានបើកដំណើរការ កាលពីចុងឆ្នាំ២០២១ ខណៈដែលកំពង់ផែផ្ទាល់ខ្លួន សម្រាប់ភ្ញៀវចូលដើរកម្សាន្តដោយថ្មើជើង អាចគយគន់ទេសភាពកោះដ៏ស្រស់ស្អាត ក៏បានសាងសង់រួចរាល់ នៅឆ្នាំ២០២៣ ជួយបង្កើនទស្សនីយភាពកាន់តែអស្ចារ្យបន្ថែមទៀត។
លក្ខណៈពិសេសរបស់ កោះស្តេច រីសត គឺធ្វើឱ្យភ្ញៀវទេសចរណ៍ មានអារម្មណ៍ស្រស់ស្រាយ និងរូមែនទិក ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃកោះ ឆ្នេរសមុទ្រ កន្លែងគេង ទស្សនាទេសភាពព្រៃភ្នំ លេងហែលទឹក ដើរកម្សាន្តតាមឆ្នេរ ជិះទូក ស្ទូចត្រី គយគន់ថ្ងៃរះ និងគយគន់ថ្ងៃលិច រួមទាំងមានសកម្មភាពសប្បាយៗជាច្រើនទៀត៕