កសិកររាប់ពាន់នាក់ បានបន្តធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា ដើម្បីធ្វើបាតុកម្មជំរុញឲ្យរដ្ឋាភិបាល ធ្វើការដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ រួមទាំងទាមទារឲ្យមានច្បាប់ការពារទៅលើតម្លៃទិន្នផល និងការលើកលែងបំណុល។
បើតាមការចុះផ្សាយពីសារព័ត៌មាន BBC ប៉ូលីសក្នុងរដ្ឋ Haryana ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងញូវដេលី កាលពីថ្ងៃអង្គារ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមកសិករ និងការដាក់រនាំងលួសបន្លា រនាំងដែក និងប្លុកស៊ីម៉ងត៍ ដើម្បីរារាំងពួកគេពីការចូលទៅកាន់រដ្ឋធានី តាមរយ:ត្រាក់ទ័រ និងឡានដឹកទំនិញ ដែលផ្ទុកទៅដោយស្បៀង និងសម្ភារ:ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់។
តាមប្រភពព័ត៌មាននានា ការធ្វើបាតុកម្មជាថ្មីម្តងទៀតរបស់ក្រុមកសិកររបស់ប្រទេសឥណ្ឌា បន្ទាប់ពីពួកគេធ្លាប់បានធ្វើបាតុកម្មម្តងរួចទៅហើយ ក្នុងការប្រឆាំងទៅនឹងកំណែទម្រង់វិស័យកសិកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដោយក្រុមកសិករឥណ្ឌា បានមកបោះទីតាំងតវ៉ា នៅក្នុងរដ្ឋធានីអស់រយ:ពេលជាងមួយឆ្នាំ និងស្លាប់មនុស្សជាច្រើននាក់ ដោយសារតែអាកាសធាតុក្តៅ ត្រជាក់ និងឆ្លងជំងឺកូវីដ-១៩ ទម្រាំព្រមដកថយទៅវិញ។
រំលឹកផងដែរថា ក្នុងការតវ៉ាឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នោះ កសិករឥណ្ឌា បានបង្ខំឲ្យរដ្ឋាភិបាលលុបចោលច្បាប់កសិដ្ឋានចំនួន៣ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ដល់សាជីវកម្ម និងការចំណាយរបស់ពួកគេ។ប៉ុន្តែកសិករបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Modi ថាមិនបានបំពេញតាមការសន្យារបស់ខ្លួន ចំពោះកសិករចាប់តាំងពីពេលនោះមក រួមទាំងបានបង្កើនការចំណាយរបស់ពួកគេទ្វេដង ថែមទៀតផង។
សូមជម្រាបជូនថា កសិករឥណ្ឌា ទទួលបន្ទុកយ៉ាងខ្លាំង ដោយសារនយោបាយ និងច្បាប់ធូររលុងនៅក្នុងវិស័យកសិកម្ម ដោយជាហេតុធ្វើឲ្យកសិករឥណ្ឌារាប់ពាន់នាក់បានសម្លាប់ខ្លួន ដោយសារភាពក្រីក្រ ជាប់បំណុល និងទិន្នផលដែលទទួលបានតម្លៃទាបខ្លាំង៕