ចៅក្រមសហព័ន្ធអាមេរិក បញ្ជាឲ្យមហាសេដ្ឋី Elon Musk ឡើងផ្តល់សក្ខីកម្មករណីក្លែងបន្លំមូលបត្រទិញក្រុមហ៊ុន Twitter

អន្តរជាតិ

ចៅក្រមសហព័ន្ធអាមេរិក ថ្មីៗនេះបានបញ្ជាឲ្យមហាសេដ្ឋី Elon Musk អនុវត្តតាមដីការរបស់គណ:កម្មការមូលបត្រសហរដ្ឋអាមេរិក ហៅកាត់ SEC និងផ្តល់សក្ខីកម្មជាថ្មីម្តងទៀត នៅក្នុងការស៊ើបអង្កេតពីការទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter កាលពីឆ្នាំ២០២២ និងករណីក្លែងបន្លំមូលបត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ដីកា​ដែល​ត្រូវ​បាន​ដាក់​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី១០ ខែកុម្ភ: ​នៅ​តុលាការ​រដ្ឋកាលីហ្វ័រញ៉ា លោក Musk និង SEC ឥឡូវ​នេះ​មាន​ពេល​មួយ​សប្តាហ៍​ ដើម្បី​កំណត់យកពេលវេលា និង​ទីកន្លែង​សម្រាប់​ការ​បង្ហាញ​ខ្លួន ឬ​ការសម្រេច​លើកចុងក្រោយរវាងភាគីទាំងពីរ។

គួរឲ្យដឹងថា SEC បាននឹងកំពុងធ្វើការស៊ើបអង្កេតលើការទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter របស់លោក Musk នៅក្នុងតម្លៃបិទបញ្ចប់ប្រមាណ ៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលឥឡូវនេះត្រូវបានប្តូរឈ្មោះទៅជា X ជុំវិញការព្រួយបារម្ភអំពីការក្លែងបន្លំមូលបត្រ ដោយសារភាពយឺតយ៉ាវរបស់មហាសេដ្ឋីរូបនេះ ក្នុងការបង្ហាញពីភាគហ៊ុនសរុបរបស់លោក នៅក្នុងក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះ។

ការបញ្ជាឲ្យឡើងធ្វើសក្ខីកម្មសារជាថ្មីនេះ បានកើតឡើងបន្ទាប់ពី លោក Musk ខកខានមិនបានបង្ហាញខ្លួនសម្រាប់សក្ខីកម្ម កាលក្នុងខែកញ្ញា ហើយក្រោយមកបានបដិសេធមិនចូលរួមក្នុងបទសម្ភាសមួយ ដែលបានកំណត់ដោយ SEC ជុំវិញការប្តឹងផ្តល់នេះ។

យ៉ាងណាក៏ដោយ លោក Musk ក៏បានអះអាងដែរថា ដីកានេះគឺលើសពីសិទ្ធិអំណាចរបស់ SEC ដោយសារតែវាត្រូវបានចេញផ្សាយដោយបុគ្គលិកដែលត្រូវបានតែងតាំងដោយនាយកប្រតិបត្តិរបស់ SEC ផ្ទាល់។

ជម្រាបជូនផងដែរថា រហូតមកទល់នឹងពេលនេះ ទាំងលោក Musk និងមេធាវីរបស់លោក Alex Spiro មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ ស្របពេលអ្នកនាំពាក្យរបស់ SEC ក៏បានបដិសេធចំពោះធ្វើអត្ថាធិប្បាយ ដោយអះអាងថាអ្វីដែលត្រូវនិយាយគឺមិនលើសពីឯកសារសាធារណៈដែលត្រូវបានចេញផ្សាយឡើយ៕