មកស្គាល់បេក្ខភាពប្រជែងកៅអីប្រធានាធិបតីរុស្ស៊ីចំនួន៣រូប ក្រៅពីបុរសរហស្សនាម «ខ្លាឃ្មុំទឹកកក»

អន្តរជាតិ

ការចុះបញ្ជីបេក្ខភាពឈរឈ្មោះបោះឆ្នោត ប្រជែងតំណែងអនាគតប្រធានាធិបតីរុស្ស៊ីនាខែមីនាខាងមុខ បានបញ្ចប់ជាស្ថាពរហើយ ដោយក្នុងនោះមានលោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបច្ចុបន្ន ព្រមទាំងមានបេក្ខភាពប្រជែងតំណែងបីរូបផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរលោក វ្លាឌីមៀ ពូទីន ដែលត្រូវបានគេស្គាល់ថាជាបុរសខ្លាឃ្មុំទឹកកក ធ្លាប់ត្រូវបានគេតែងតាំងឲ្យកាន់តួនាទីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលជាច្រើនកន្លែង ហើយក៏ផ្លាស់ទីខ្លួនឡើងធ្វើជានាយករដ្ឋមន្ត្រី និងបានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ និងពីឆ្នាំ២០១២ រហូតមកទល់នឹងបច្ចុបន្ននេះ។

ចុះតើបេក្ខភាពប្រជែងតំណែងចំនួនបីរូបផ្សេងទៀត ដែលរួមមានលោក Vladislav Davankov លោក Leonid Slutsky និងលោក Nikolai Kharitonov ជានរណា? តទៅនេះយើងខ្ញុំនឹងរំលេចអំពីប្រវត្តិសង្ខេបក្នុងឆាកនយោបាយរបស់បេក្ខភាពឈរឈ្មោះប្រជែងតំណែងអនាគតប្រធានាធិបតីរុស្ស៊ី។

លោក Vladislav Davankov​​ ចាប់កំណើតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៤ នាទីក្រុង Smolensk ហើយក្រោយមកទៀតលោកបានផ្លាស់ទីលំនៅទៅរស់នៅក្នុងទីក្រុងមូស្គូវិញ ព្រមទាំងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរដ្ឋមូស្គូផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សារូបលោកបានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុនលក់គ្រឿងសំអាងមួយឈ្មោះថា Faberlic រហូតបានឡើងតំណែងជាអនុប្រធានក្រុមហ៊ុន ក្រោមការគ្រប់គ្រងពីសហគ្រិន និងជាអ្នកនយោបាយលោក Alexey Nechayev ។

នៅឆ្នាំ២០២០ លោក Nechayev បានបង្កើតគណបក្សនយោបាយសេរីមួយឈ្មោះថា ប្រជាជនថ្មី (New People Party) ។ មួយឆ្នាំបន្ទាប់ពោលគឺនៅអំឡុងឆ្នាំ២០២១ លោក Davankov បានដឹកនាំយុទ្ធនាការបោះឆ្នោតរបស់គណបក្ស ហើយនៅឆ្នាំនោះដូចគ្នាលោកក៏ជាអនុប្រធានរដ្ឋឌូម៉ា នៃសហព័ន្ធរុស្ស៊ីថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី១២ ខែកក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងមូស្គូបានចុះឈ្មោះលោក Vladislav Davankov ជាបេក្ខភាពសម្រាប់ប្រជែងតំណែងអភិបាលក្រុង ដែលកាលនោះលោកទទួលបានសម្លេងសន្លឹកឆ្នោត៥,៣៤%​ ខណៈបច្ចុបន្ននេះលោកក៏ត្រូវត្រៀមខ្លួនឈរឈ្មោះបោះឆ្នោតប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី ដែលនឹងត្រូវធ្វើឡើងនាខែមីនាខាងមុខថែមទៀត។

ក្រឡេកមកស្គាល់អំពីបេក្ខភាពប្រជែងតំណែងប្រធានាធិបតីម្នាក់ទៀតវិញគឺមានឈ្មោះថា លោក Leonid Slutsky កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៦៨ ។ លោកគឺជាអនុប្រធានទីមួយនៃគណៈកម្មាធិការរដ្ឋ Duma ស្តីពីកិច្ចការអន្តរជាតិ ហើយបានក្លាយជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការអន្តរជាតិនៅក្នុងរដ្ឋ Duma ទី៧។ ម្យ៉ាងវិញទៀត លោកគឺជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យរដ្ឋមូស្គូ ហើយក៏ធ្លាប់កាន់តំណែងជាន់ខ្ពស់ផ្នែកធនាគារ និងជាទីប្រឹក្សារបស់អភិបាលក្រុងមូស្គូទៀតផង។

ជាងនេះទៅទៀត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ពោលមួយថ្ងៃបន្ទាប់ពីការធ្វើប្រជាមតិលើស្ថានភាព Crimea លោក Slutsky បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៧នាក់ផ្សេងទៀត ដែលត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋបាលប្រធានាធិបតីអូបាម៉ា ហើយថែមទាំងត្រូវបានដាក់ចូលក្នុងបញ្ជីទណ្ឌកម្មរបស់ប្រទេសកាណាដា និងសហភាពអឺរ៉ុបថែមទៀត។ យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះវិញ លោក Slutsky គឺជាបេក្ខភាពដែលនឹងត្រូវទៅប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីបន្ទាប់។

ជាមួយគ្នានោះ បេក្ខភាពប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីម្នាក់ទៀតនោះគឺលោក Nikolai Kharitonov កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៨ ។ លោកគឺជាអ្នកនយោបាយកុម្មុយនិស្តរុស្ស៊ី ដែលបម្រើការនៅក្នុងរដ្ឋ Duma តាំងពីឆ្នាំ១៩៩៤ ហើយក៏ជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ Far East និងតំបន់ Far North តាំងពីឆ្នាំ២០១១ មក។

គួរជម្រាបថាដើមឡើយលោក Nikolai គឺជាសមាជិកគណបក្សកសិកម្មនៃប្រទេសរុស្ស៊ី ហើយនៅអំឡុងការបោះឆ្នោតឆ្នាំ២០០៤ លោកក៏ធ្លាប់បានឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីម្តងរួចមកហើយដែរ តែក្រោយមកលោកក៏បានចូលរួមជីវភាព ជាមួយគណបក្សកុម្មុនិស្តសហព័ន្ធរុស្ស៊ីវិញ និងត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងមូស្គូ ចុះឈ្មោះលោកជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពបីរូបផ្សេងទៀតប្រជែងតំណែងជាប្រធានាធិបតីរុស្ស៊ីថ្មី៕