រដ្ឋមន្រ្តីក្រសួងសាធារណការ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបង្ហាញជំហរយ៉ាងមុតមាំថា នឹងពួតដៃគ្នា ក្នុងការរុញច្រានគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅភ្នំពេញឱ្យលេចរូបរាងឡើង ក្នុងគោលដៅកែប្រែមុខមាត់ទីក្រុងភ្នំពេញឱ្យកាន់តែស្រស់បំព្រង។
ក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី១៣ ខែកុម្ភៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការសិក្សាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ។
លោកថា គម្រោងនេះ ក៏ជាការសិក្សាដែលផ្តោតលើការបង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ពោលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើងពីមួយកម្រិត ទៅមួយកម្រិត ស្របទៅតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ដែលមានបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់។ លោកបន្ថែមថា៖ «ប្រសិនបើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ សម្រេចទៅបានតាមផែនការដែលគ្រោងទុក នោះរំពឹងថានឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានមោទកភាពប្រាប់ទៅកាន់ពិភពលោកថា យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ រាជធានីដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា»។
ទន្ទឹមនឹងនេះលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញនូវឆន្ទៈ និងគោលជំហរយ៉ាងមុតមាំ ក្នុងការចូលរួមពួតដៃជាមួយក្រសួងរៀបចំដែនដី ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងស្មារតី ដើម្បីរុញច្រានគម្រោងការងារនេះឱ្យលេចរូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញ ក្លាយជារាជធានីដែលមានភាពទាក់ទាញ និងប្រកបដោយមោទកភាពជាតិ ផងដែរ។
សូមរម្លឹកដែរថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា «ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៤.៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង»។
ប្រសិនបើពិនិត្យមើលរបាយការណ៍នៃគម្រោងវិនិយោគ ក្នុងឆ្នាំ២០២៣នោះ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។នេះបើតាមការបញ្ជាក់បន្ថែមពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ អត្ថបទ៖ រង្សី