ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី១៤ ខែកុម្ភៈថា រដ្ឋាភិបាលរុស្ស៊ីចង់ឃើញលោក ចូ បៃដិន បន្តក្លាយជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី២ ជាជាងលោក ដូណាល់ ត្រាំ ដែលកំពុងមានការគាំទ្រខ្លាំង។
មេដឹកនាំរុស្ស៊ីអះអាងបែបនេះ ដោយសារលោកយល់ថា លោក ចូ បៃដិន មានបទពិសោធន៍ និងងាយស្រួលក្នុងការធ្វើការរួមគ្នា ជាងលោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP។
នៅពេលត្រូវបានសួរថា តើបុគ្គលរូបណាដែលរុស្ស៊ីយល់ថា សាកសមបំផុតក្នុងការដឹកនាំសហរដ្ឋអាមេរិក? លោក ពូទីន ឆ្លើយថា៖ បៃដិន ព្រោះគាត់មានបទពិសោធន៍ជាង ងាយស្រួលក្នុងការធ្វើការជាមួយ ហើយគាត់ជាអ្នកនយោបាយជើងចាស់មួយរូប ក៏ប៉ុន្តែរុស្ស៊ីនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការរីករាយ ជាមួយមេដឹកនាំអាមេរិកគ្រប់រូប ដែលប្រជាជនអាមេរិកបោះឆ្នោតជូន។
សូមជម្រាបដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី នឹងធ្វើឡើងនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្របពេលបច្ចុប្បន្ននេះ បេក្ខភាពប្រជែងកៅអីមេដឹកនាំអាមេរិក ដែលកំពុងមានការគាំទ្រខ្លាំងបំផុតនោះគឺ លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ៕