អ្នកឧកញ៉ា ភួ វាសនា ដឹកនាំ SME ចំនួន ៤៦ ជួបពិភាក្សារកឱកាសសហការលក់ផលិតផលខ្មែរជាមួយតំណាងម៉ាត 7-Eleven

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ​នេះ​ បានដឹកនាំ​សមាជិក​ សមាជិកា​ និងម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) ​​ចំនួន៤៦ ចូលរួមកម្មវិធីជំនួបពាណិជ្ជកម្ម​ និង​ដាក់តាំងបង្ហាញផលិតផល​ រវាងសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ ជាមួយនឹងគណ:ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា​ រួមមានពាណិជ្ជករកម្ពុជា​ និងពាណិជ្ជករថៃ ជាពិសេសស្វែងរកឱកាសសហការលក់ផលិតផលខ្មែរជាមួយតំណាងម៉ាត 7-Eleven។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីជំនួបពាណិជ្ជកម្ម​​​នេះ​ មាន​ការ​ចូលរួម​ពីគណ:ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ២២​រូប និង​តំណាង​ក្រុមហ៊ុនថៃ ចំនួន១២ រួមមានទាំង​ក្រុមហ៊ុន CP ក្រុមហ៊ុន 7-Eleven និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។ ​​ជាលទ្ធផល​ ផលិតផលក្នុង​ខេត្ត​បាត់ដំបងនឹងមានឱកាសចូលដាក់លក់ក្នុងម៉ាត 7-Eleven​ គ្រប់សាខា​ក្នុង​ប្រទេស​កម្ពុជា នាពេលខាងមុខនេះ។

ជាកិច្ចបន្ទាប់គណ:ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា​ និងគណ:ប្រតិភូសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ បានចូលសំដែង​ការ​គួរសម​ ជាមួយលោក​​ សឿម​ ប៊ុនរិទ្ធ​ អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង​ តំណាងដ៏ខ្ពង់ខ្ពស់លោក​​ សុខ​ លូ​ អភិ​បាលនៃគណ:អភិបាលខេត្តបាត់ដំបង​ នៅរដ្ឋបាលខេត្តបាត់ដំបង ដើម្បី​សុំ​អនុសាសន៍​ណែនាំ​ពី​លោក​អភិបាលខេត្ត និង​​ប្រធាន​មន្ទីរពាក់ព័ន្ធ។

សូម​ជម្រាប​ថា ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា តំណាង​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូសភា​ពាណិជ្ជកម្ម​កម្ពុជា ម្ចាស់អាជីវកម្ម និង​​ពាណិជ្ជករ​ថៃ ជាង​២០រូប ​​ទៅ​ទស្សនកិច្ចពាណិជ្ជកកម្ម នៅខេត្តបាត់ដំបងចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​មាន​ការ​សម្របសម្រួល​ពី​ អ្នកឧកញ៉ា ភួ វាសនា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ មាន​កម្មវិធី ១)ជំនួបពាណិជ្ជកម្មជាមួយ​សភាពា​ណិជ្ជ​កម្ម​ខេត្តបាត់ដំបង ២)ជំនួប​សម្តែង​ការគួរសមជាមួយរដ្ឋបាលខេត្តបាត់ដំបង និង ៣)ទស្សនកិច្ចសិក្សា រោងចក្រ-សហគ្រាស​សំខាន់ៗ និងតំបន់សក្តានុពលនានា ក្នុងខេត្តបាត់ដំបង៕​