ឯកអគ្គរដ្ឋទូតអូស្រ្តាលី កោតសរសើរបេសកម្មកម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានាមកវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញការកោតសរសើរអំពីបេសកកម្មរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានាមកវិនិយោគនៅកម្ពុជា និងការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបានកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការកោតសរសើរបែបនេះរបស់ឯកអគ្គរដ្ឋទូតក្នុងឱកាសដែលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ដោយក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគប្រមាណជិត ៤,៩ពាន់លានដុល្លារអាមេរិក កើនឡើងបើធៀបទៅឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត ៤ពាន់លានដុល្លារអាមេរិក។ជាមួយគ្នានេះ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបាន៣២គម្រោង ច្រើនជាង២ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣កន្លងទៅ។

លោកបន្តថា កម្ពុជារំពឹងថាគម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។

គួរឱ្យដឹងផងដែរថា ក្នុងខែមករា ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគរហូតដល់ទៅ៣២គម្រោង មានទុនវិនិយោគសរុបជាង ១៨៧លាន ដុល្លារ និងអាចបង្កើតការងារបានជិត ២៩ពាន់កន្លែង។ក្នុងនោះទុនវិនិយោគជាង ៧៨ភាគរយ មានប្រភពមកពីប្រទេសចិន, ៩.៦៥ ភាគ រយ មកពីប្រទេសសិង្ហបុរី, ៥.៣៤ភាគរយមកពីសហរដ្ឋអាម៉េរិក, ៣.៥៥ភាគរយ មកពីសាធារណរដ្ឋកូរ៉, និង ២.៧៣ភាគរយ ប្រភពក្នុងស្រុក។

បើតាមលោក ស៊ុន ចាន់ថុល ធ្លាប់បានអះអាងថា ការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា គឺបានបង្ហាញច្បាស់ឱ្យឃើញនូវទំនុកចិត្តរបស់អ្នកវិនិយោគលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គមកម្ពុជា ដើម្បីធ្វើឱ្យច្រវ៉ាក់ផលិតកម្មរោងចក្ររបស់ពួកគេអាចដំណើរការដោយរលូត និងគ្មានឧបសគ្គ។ បន្ថែមពីលើនេះ អ្នកវិនិយោគមានជំនឿចិត្តលើការដឹកនាំរបស់សម្តេចធិបតីក្នុងការធ្វើឱ្យការវិនិយោគរបស់ពួកគេទទួលបានផ្លែផ្កាតាមរយៈគោលនយោបាយវិនិយោគប្រកបដោយភាពបត់បែន លើកទឹកចិត្តខ្ពស់ និងអនុគ្រោះខ្ពស់៕