មកស្គាល់អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto

អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto កំពុងដើរលើវិថីឆ្ពោះទៅកក់កៅអីលោក Joko Widodo នៅក្នុងតំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី បន្ទាប់ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការបានបង្ហាញថា លោកបាននាំមុខគូប្រជែងដ៏ទៃ ក្នុងសំឡេងគាំទ្រដល់ទៅ៥៧,៨៩% ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើអនាគតប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ គឺជានរណា?​

លោក Prabowo Subianto Djojohadikusumo កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១ ក្នុងទីក្រុងហ្សាកាតានៅគ្រួសារដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេស ដោយមានឪពុកឈ្មោះ Sumitro ជាអ្នកនយោបាយ ជាសេដ្ឋវិទូ និងក៏ធ្លាប់បានកាន់តំណែងជាច្រើនក្នុងជួរគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់ប្រធានាធិបតី Sukarno និង Suharto ចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៧៨ ខណៈម្តាយរបស់លោកមានឈ្មោះថា Dora Maria Sigar និងមានបងប្អូនចំនួនបួននាក់ ដោយលោកជាកូនទីបីក្នុងគ្រួសារ និងមានជីតាឈ្មោះ Margono គឺជាស្ថាបនិកធនាគារដំបូងគេរបស់ប្រទេសគឺ Bank Negara Indonesia ហើយក៏ធ្លាប់ជាឧត្តមក្រុមប្រឹក្សាប្រធានាធិបតីផងដែរ។

នៅអំឡុងវ័យកុមារភាព Prabowo និងគ្រួសារបាននិរទេសខ្លួនទៅរស់នៅឯក្រៅប្រទេស ដោយសារតែឪពុករបស់លោកមានជាប់ពាក់ព័ន្ធនឹងចលនាបដិវត្តន៍ Revolutionary Government of the Republic of Indonesia (PRRI) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោក Sukarno ។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារមួយនេះបានផ្លាស់ទីលំនៅពីប្រទេសមួយទៅកាន់ប្រទេសមួយផ្សេងទៀត នៅចន្លោះឆ្នាំ១៩៦៦ និងឆ្នាំ១៩៦៨ ហើយបានរស់នៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយក៏ជាកន្លែងដែលលោកបានចូលរៀន និងបានបញ្ចប់ការសិក្សាពីសាលាអាមេរិកកាំងនៅទីក្រុងឡុងដ៍។ ហើយជាបន្តបន្ទាប់មក លោក Prabowo Subianto បានចុះឈ្មោះចូលរៀននៅបណ្ឌិតសភាយោធារបស់ប្រទេសឥណ្ឌូណេស៊ីនៅទីក្រុង Magelang ក្នុងឆ្នាំ១៩៧០ ព្រមទាំងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ១៩៧៤ ។

ពីរឆ្នាំបន្ទាប់ពោលគឺនៅអំឡុងឆ្នាំ១៩៧៦ លោកបានបម្រើការនៅក្នុងកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (ABRI) ហើយក្រោយមកបានកាន់តំណែងជាមេបញ្ជាការកងកម្លាំងពិសេសពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ និងមានតួនាទីជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ីក្នុងឆ្នាំ១៩៩៨ ។ តែយ៉ាងណា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៨ ប្រធានាធិបតីទើបឡើងកាន់តំណែងថ្មី BJ Habibie បានទំលាក់លោក Prabowo ចេញពីតំណែងមេបញ្ជាការ។ ក្រោយមកទៀតលោកត្រូវបានគេចោទប្រកាន់ពីបទបកស្រាយខុស ក្នុងការចាប់ពង្រត់សកម្មជនប្រឆាំងរដ្ឋាភិបាលលោក Suharto ។ រូបលោក Prabowo ក៏ត្រូវបានគេបណ្តេញចេញពីវិស័យយោធា និងបាននិរទេសខ្លួនដោយស្ម័គ្រចិត្តទៅរស់នៅក្នុងប្រទេសហ្ស៊កដានី។

បន្ទាប់ពីដកដៃចេញពីរឿងនយោបាយ និងបានធ្វើមាតុភូមិនិវត្តន៍វិញលោក Prabowo មានក្រុមហ៊ុនធំមួយឈ្មោះថា Nusantara Group គ្រប់គ្រងលើក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៧ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរកស៊ីទៅលើឧស្ម័នធម្មជាតិ ប្រេង ធ្យូងថ្ម ចម្ការដូងប្រេង ក៏ដូចជាឧស្សាហកម្មនេសាទជាដើម។

គួរជម្រាបថា នៅក្នុងឆ្នាំ១៩៨៣ លោក Prabowo បានរៀបការជាមួយអតីតភរិយាគឺអ្នកស្រី Siti Hediati Hariyadi ដែលជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Suharto ដោយអ្នកទាំងពីរបានបន្សល់នូវកូនប្រុសម្នាក់មានឈ្មោះថា Didit Hediprasetyo បច្ចុបន្នមានការងារជាអ្នករចនាម៉ូត ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ម្យ៉ាងវិញទៀត លោក Prabowo ធ្លាប់បានចាញ់ការបោះឆ្នោតសកលដល់ទៅពីរលើករួចមកហើយ ពោលគឺនៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែយ៉ាងណាលោកបានក្លាយជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Jokowi dodo ក្នុងឆ្នាំ២០១៩ ខណៈឯការបោះឆ្នោតប្រជែងកៅអីប្រធានាធិបតីនៅឆ្នាំនេះវិញ លោកបានទទួលសន្លឹកឆ្នោតលើសគេលើសឯងចំនួន៥៧,៨៩% មានសង្ឃឹមជាអនាគតប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី៕