អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ២២រូប ទៅចូលរួមកម្មវិធី «ទំព័រថ្មីនៃកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា» នៅប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈនេះ។
កម្មវិធីពិសេសនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំដោយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។ កម្មវិធីរយៈពេល ០២ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជាដល់បណ្តាស្ថានទូតបរទេសនានា ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ និងវិនិយោគិនបរទេស ក៏ដូចជាផ្តល់ឱកាសដល់ការផ្គូរផ្គងដៃគូពាណិជ្ជកម្មជាមួយធុរជន ដែលជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។
ក្រៅពីនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏នឹងចូលជួបពិភាក្សាធុរកិច្ចមួយចំនួនលើកិច្ចសហប្រតិបត្តិការរវាងធុរជននៃប្រទេសកម្ពុជា និងអ៊ីស្រាអែស ជាពិសេសលើវិស័យកសិកម្មដូចជា ការបណ្តុះបណ្តាលជំនាញកសិកម្មជាដើម។ ជំនួបពិភាក្សានេះ នឹងមានការចូលរួមពីលោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ព្រមទាំងឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏។
ទំនាក់ទំនងកម្ពុជា-ថៃ កំពុងតែបង្ហាញពីភាពរឹងមាំមួយកម្រិតទៀត បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើដំណើរទស្សនកិច្ច នៅរាជធានីបាងកក ជួបនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ហើយភាគីទាំងពីរ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី «ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថា កន្លងមកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ បានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើនរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ទេសចរណ៍ ការងារ ថាមពល វិនិយោគ និងពាណិជ្ជកម្ម៕