ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា កាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីវិស័យសក្តានុពល និងដំណើរការនៃការគ្រប់គ្រង់អាជីវកម្មក្នុងខេត្តបាត់ដំបង។
កិច្ចពិភាក្សានេះ ដឹកនាំដោយឧកញ៉ា លីម ប៊ុនសេង ដោយបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ព្រមទាំង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្នុងឱកាសដែលប្រតិភូ បានមកធ្វើទស្សនកិច្ចពាណិជ្ជកម្ម រយៈពេល ៣ថ្ងៃនៅខេត្តបាត់ដំបង។
នាឱកាសនោះ លោក សឿម ប៊ុនរិទ្ធ បានសម្តែងការស្វាគមន៍ចំពោះប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចស្វែងយល់ពីវិស័យសក្តានុពលក្នុងខេត្តបាត់ដំបង ខណៈលោកបានស្នើរប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួយទាក់ទាញវិនិយោគិន មកដាក់ទុនវិនិយោគលើវិស័យសក្តានុពលសំខាន់ៗក្នុងខេត្តនេះ ជាពិសេស គឺលើវិស័យកសិកម្ម និងកែច្នៃផលិតផលសម្រាប់នាំចេញ។
ថ្លែងក្នុងជំនួបនោះ ឧកញ៉ា លឹម ប៊ុនសេង តាងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។
ឧកញ៉ា លឹម ប៊ុនសេង ក៏បានជម្រាបជូនលោកអភិបាលរងខេត្ត ពីកម្មវិធីជំនួបពាណិជ្ជកម្មរវាងគណៈប្រតិភូជាមួយនឹងពាណិជ្ជករ អាជីវករខេត្តបាត់ដំបង ដើម្បីជាការជួបសិក្សាស្វែងយល់ពីអាជីវកម្មរបស់គ្នាទៅវិញទៅមក ក្នុងគោលបំណងសហការអាជីវកម្មជាមួយគ្នាក្នុងពេលខាងមុខ។ ក្រៅពីនេះ ប្រតិភូ ក៏នឹងទៅទស្សនកិច្ចផ្ទាល់ ទៅកាន់សហគ្រាសកែច្នៃមួយចំនួននៅក្នុងខេត្តបាត់ដំបង ដើម្បីស្វែងយល់បន្ថែមទៀត។
សូមបញ្ជាក់ថា ទស្សនកិច្ចពាណិជ្ជកម្មនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពសហគ្រិន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ ពីដំណើរការនៃការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងសង្វាក់ផលិតកម្ម ការពង្រីកអាជីវកម្ម ការពង្រីកទីផ្សារ និងការបណ្តាក់ទុននានា ដើម្បីបំពេញនូវតម្រូវការរបស់សង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្ម នាថ្ងៃអនាគត តាមរយៈដំណើរទស្សនកិច្ចប្រកបដោយសក្កានុពលនេះ។កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងធនាគារ វីង (ខេមបូឌា) ម.ក៕ អត្ថបទ៖ រង្សី