ការនាំចេញទំនិញរបស់ឥណ្ឌា មានការកើនឡើងខ្លាំងនៅក្នុងខែមករា

អន្តរជាតិ

ទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសហព័ន្ធរបស់ឥណ្ឌាបានបង្ហាញថា ការនាំចេញទំនិញរបស់ប្រទេសឥណ្ឌាទៅកាន់ទីផ្សារក្រៅប្រទេសក្នុងអំឡុងខែមករា ឆ្នាំ២០២៤ មានកំណើន៣,២១% ឬស្មើនឹង ៣៦,៩២ពាន់លានដុល្លារ លើសពីចំនួន ៣៥,៨០ពាន់លានដុល្លារ បើធៀបនឹងអំឡុងខែដូចគ្នាកាលពីឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការកើនឡើងនៃការនាំចេញក្នុងអំឡុងខែមករាដូច្នេះ បណ្តាលមកពីកំណើនតម្រូវការនៃការនាំចេញផលិតផលប្រេង ទំនិញវិស្វកម្ម រ៉ែដែក ទំនិញអេឡិចត្រូនិក ឱសថ ក៏ដូចជាទំនិញប្រភេទផ្សេងៗទៀត។

ប្រសិនបើបូកសរុបចំពោះការនាំចេញទាំងទំនិញ និងសេវាកម្មរួមបញ្ចូលគ្នានោះ ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៦៩,៧២ពាន់លានដុល្លារនៅក្នុងខែមករា ឆ្នាំ២០២៤ ខណៈចំនួននេះកើនឡើង៩,២៨% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ការនាំចូលសរុបនៅក្នុងខែមករា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៧០,៤៦ពាន់លានដុល្លារ កើនឡើង៤,១៥% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។

ឆ្លើយតបទៅនឹងកំណើននៃការនាំចេញទំនិញពីមួយឆ្នាំទៅមួយឆ្នាំដូច្នេះ ប្រធានសហព័ន្ធនៃអង្គការនាំចេញរបស់ឥណ្ឌា (FIEO) លោក Israr Ahmed បាននិយាយថា៖ ការនាំចេញទំនិញរបស់ប្រទេសឥណ្ឌាមានការកើនឡើង បើទោះបីជាមានវិបត្តិនៅសមុទ្រក្រហម កំពុងបង្កជាបញ្ហាប្រឈមក្នុងការដឹកជញ្ជូនក៏ដោយ ហើយការកើនឡើងនៃការនាំចេញ វាមិនមែនត្រឹមតែបង្ហាញពីភាពរឹងមាំក្នុងវិស័យនេះប៉ុណ្ណោះទេ ថែមទាំងទៅកាន់សហគមនាំចេញផងដែរ  បើទោះបីជាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត៕