នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford និង General Motors បានប្រកាសថា ពួកគេកំពុងពិចារណាលើការបង្កើតភាពជាដៃគូសហការ ដើម្បីកាត់បន្ថយថ្លៃដើមផលិតរថយន្ត ក៏ដូចជាប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តចិនជាដើម។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានប្រកាសស្វែងរកដៃគូសហការនានា មិនមែនតែជាមួយក្រុមហ៊ុន GM ឡើយ ដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់ក្រុមហ៊ុនរថយន្តចិន ចូលមកក្នុងទីផ្សាររថយន្តនៅអឺរ៉ុប និងលោកខាងលិច។
គួររំលឹកបន្តិចថា ក្រុមហ៊ុនលំដាប់កំពូលៗនៅអឺរ៉ុប និងលោកខាងលិច កំពុងរងផលរំខានជាខ្លាំង ពីសំណាក់ក្រុមហ៊ុនរថយន្តចិនដូចជា BYD ជាដើម កំពុងតែជ្រៀតចូលទីផ្សាររថយន្តអន្តរជាតិ ជាមួយតម្លៃទាប ហើយបច្ចេកវិទ្យាក៏ខ្ពស់ថែមទៀត។
ដើម្បីត្រៀមទប់ទល់ជាមួយការពង្រីកខ្លួនរបស់ក្រុមហ៊ុនចិន មេធំរបស់ក្រុមហ៊ុន Ford បានរៀបចំយុទ្ធសាស្ត្រថ្មីៗដូចជា ស្វែងរកការសហការពីក្រុមហ៊ុនរថយន្តដទៃ និងព្យាយាមផលិតរថយន្តដែលមានតម្លៃសមរម្យជាងមុនជាដើម៕