ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានអំពាវនាវឲ្យប្រជាពលរដ្ឋរុស្ស៊ី ព្យាយាមបង្កើនសមាជិកគ្រួសារ ដោយការយកកូនយ៉ាងហោចណាស់ឲ្យបាន ២នាក់ ឬច្រើនជាងនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ការរស់រានរបស់ជាតិសាសន៍ និងការអភិវឌ្ឍប្រទេសជាតិ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
មេដឹកនាំរុស្ស៊ីបានប្រាប់ទៅកាន់ក្រុមបុគ្គលិកនៅរោងចក្រផលិតរថក្រោះ ក្នុងតំបន់ Urals ថា គ្រួសារនីមួយៗ ត្រូវមានកូនយ៉ាងតិចបំផុត ២នាក់ ទើបជនជាតិរុស្ស៊ីអាចរក្សាអត្តសញ្ញាណរបស់ខ្លួនបាន ហើយបើសិនជាពួកគេមានកូនតែម្នាក់ នោះចំនួនប្រជាជននឹងមានការធ្លាក់ចុះ។
ប្រធានាធិបតីរូបនេះបន្តទៀតថា បើសិនជាពលរដ្ឋរុស្ស៊ីចង់ឃើញប្រទេសជាតិរបស់ខ្លួន កាន់តែមានភាពរីកចម្រើន ពួកគេត្រូវតែព្យាយាមបង្កើនសមាជិកគ្រួសារ ដោយការយកកូនយ៉ាងតិចបំផុត ៣នាក់។
សូមជម្រាបដែរថា តាំងពីសហភាពសូវៀតបានដួលរលំ ចំនួនប្រជាជនរុស្ស៊ីមានការថយចុះបន្តិចម្ដងៗ រយៈពេល ២ទសវត្សមកនេះ ស្របពេលការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន រយៈពេល ២ឆ្នាំចុងក្រោយនេះ ក៏បានធ្វើឲ្យអត្រាប្រជាជនរុស្ស៊ី បាត់បង់ច្រើនសន្ធឹកផងដែរ តែរដ្ឋាភិបាលមិនបានបញ្ចេញទិន្នន័យជាក់លាក់ ពីចំនួនកងទ័ពដែលបាត់បង់ជីវិតនៅក្នុងសង្គ្រាមនោះឡើយ៕